បរទេស ៖ យោធាអ៊ីស្រាអែលបាននិយាយថា កម្លាំងទ័ពអាកាស របស់ខ្លួនបានវាយប្រហារទីតាំង ដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីរក្សាទុកគ្រាប់រ៉ុក្កែត រយៈចម្ងាយមធ្យម នៅភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នា ទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់ ដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធ អស់រយៈពេលជាងមួយឆ្នាំមកនេះ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានបើកការបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍ឆ្ពោះទៅរកអ្វី ដែលខ្លួនហៅថា “ជនសង្ស័យ” ជាមួយនឹងរថយន្តដែលបើកមកដល់តំបន់ជាច្រើននៅក្នុងតំបន់ភាគខាងត្បូង ដោយនិយាយថា វាជាការរំលោភលើបទឈប់បាញ់ ជាមួយក្រុមប្រដាប់អាវុធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលជាធរមានកាលពីថ្ងៃពុធ។
សមាជិកសភា របស់ក្រុមហេសបូឡា គឺលោក Hassan Fadlallah បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងនេះ ។ លោក Fadlallah បានប្រាប់អ្នក យកព័ត៌មានថា “សត្រូវអ៊ីស្រាអែលកំពុងវាយប្រហារ អ្នកដែលត្រឡប់ទៅភូមិព្រំដែន” ដោយបន្ថែមថា “មានការរំលោភដោយភាគីអ៊ីស្រាអែល ទោះបីជាក្នុងទម្រង់នេះក៏ដោយ” ។
ចំណែកកងទ័ពលីបង់ក្រោយមក បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើបទឈប់បាញ់ ជាច្រើនដងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ គឺបានគូសបញ្ជាក់ពីភាពផុយស្រួយ នៃបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ដើម្បីបញ្ចប់ជម្លោះ ដោយបានប្រយុទ្ធស្របគ្នាជាមួយនឹងសង្គ្រាមហ្គាហ្សា។ បទឈប់បាញ់នេះមានរយៈពេល៦០ថ្ងៃ ក្នុងក្តីសង្ឃឹមឈានដល់ការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍៕
ប្រែសម្រួលៈ ណៃ តុលា