Covid-19

អ៊ីរ៉ង នឹងមិនស្នើអាមេរិក សុំជំនួយលើបញ្ហា វីរុសកូរ៉ូណាឡើយ

បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងមិនសុំឲ្យសហរដ្ឋអាមេរិកជួយ នៅក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី គឺវីរុសកូរ៉ូណានោះឡើយ។ 

នៅក្នុងសន្និសីទផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Abbas Mousavi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់មិនដែលស្នើសុំ ហើយនឹងក៏មិនសុំឲ្យអាមេរិកជួយដល់ទីក្រុងតេអេរ៉ង់ ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងការផ្ទុះឆ្លងមេរោគ ប៉ុន្តែអាមេរិកគួរតែលើកលែងរាល់ទណ្ឌកម្ម ឯកតោភាគីមិនស្របច្បាប់ទាំងអស់ លើអ៊ីរ៉ង់”។ 

គួរបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នាពេលថ្មីៗនេះ បានច្រានចោលសំណើរពីសហរដ្ឋអាមេរិក ដែលសុំផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ ដែលជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយ រងផលប៉ះពាល់ខ្លាំងក្លាពីវីរុសកូរ៉ូណា ដោយមានករណីស្លាប់ចំនួន៣.៧៣៩ និងករណីឆ្លងចំនួន៦០.៥០០ នេះបើយោងតាមតួលេខថ្មីបំផុត នៅថ្ងៃចន្ទនេះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top