ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តអាណត្តិទី៤ ឆ្នាំទី១ ត្រូវបានដោះស្រាយ និងបំភ្លឺចំនួន ១៣ ករណីនៅស្រុកភ្នំក្រវាញ !

ពោធិ៍សាត់: ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី ៤ ឆ្នាំទី ១ នៅស្រុកភ្នំក្រវាញ ដើម្បីស្វែងយល់នូវបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ និងបំភ្លឺជូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

វេទិកានោះត្រូវបានបិទបញ្ចប់ត្រឹមបរិវេណ នៃសាលាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្ត និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងដោយបានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវីញខេត្ត វិស័យឯកជនពាក់ព័ន្ធ មន្ត្រីថ្នាក់មូលដ្ឋាន និង តំណាងប្រជាពលរដ្ឋប្រមាណ ១៧៦ នាក់។

មានប្រសាសន៍ក្នុងឱកាសនោះលោកខូយ រីដា អភិបាលខេត្តបានបញ្ជាក់ថា វេទិកានេះ ធ្វើឡើងដើម្បី ផ្សព្វផ្សាយ អំពីតួនាទីភារកិច្ច របស់ក្រុមប្រឹក្សានិងគណះអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត សម្រេចបាន តាមរយះការអនុវត្តនូវសកម្មភាពនានាក្នុងឆ្នាំ ២០២៤ព្រមទាំងសមិទ្ធផលនានា របស់រដ្ខបាលស្រុកភ្នំក្រវាញ យកមកពិភាក្សា និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ខ ដើម្បីស្វែងរកនូវបញ្ហាប្រឈម និងសំណូមពរ សម្រាប់រដ្ឋបាល ខេត្តយកទៅធ្វើការពិចារណា ដោះស្រាយនិងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុកអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ឆ្លងកាត់សំណួរនិងសំណូមពរដែលបានដោះស្រាយនិងបំភ្លឺចំនួន ១៣ ករណីនោះរួចមកលោកខូយ រីដា អភិបាលខេត្តក៍បានជម្រុញ ដល់អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និង ឃុំត្រូវពិនិត្យឡើងវិញ លើការងារផែនការ ៣ ឆ្នាំរំកិលនិងការដេញថ្លៃ ក្នុងការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានរបស់ខ្លួន អោយមានភាពសុក្រឹត្យ និងចូលរួមថែរក្សាការពារបរិស្ថានអោយមានសោភ័ណ្ឌភាពល្អ ទន្ទឹមនិងនោះក្នុងបរិបទ នៃការអភិវឌ្ឃ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសអោយប្រជាពលរដ្ឋនិង អ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់អំពីស្ថានភាព ទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយះពេលកន្លងមកនិង ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅមូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនោះដែរ ឆ្លៀតឱកាសមុនចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកភ្នំក្រវាញ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមនានា ដែលជាតម្រូវការចាំបាច់ របស់បងប្អូនអាជីវករ លក់ដូរនៅក្នុងផ្សារលាច នៃស្រុកភ្នំក្រវាញប្រកប ដោយភាពស្និតស្នាលផងដែរ ៕

To Top