វៀងច័ន្ទ៖ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ របស់ប្រទេសឡាវបានឲ្យដឹងថា ប្រទេសឡាវ បានទទទួលស្វាគមន៍ ភ្ញៀវបរទេសចំនួន៣,៣លាននាក់ គិតនៅក្នុងរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៤នេះ ពោលគឺបានកើនឡើង១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងបានឱ្យដឹងថា គិតចាប់ពីខែមករាដល់ខែតុលា ប្រទេសថៃឡង់ដ៏ វៀតណាម និងចិន គឺជាប្រភពទេសចរបរទេសច្រើនជាងគេមកកាន់ប្រទេសឡាវ ។
ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ នៅក្នុងអំឡុងពេលទស្សនាប្រទេសឡាវនាឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានអនុម័តការចូលដោយគ្មានទិដ្ឋាការ និងបន្ថែមរយៈពេលស្នាក់នៅ សម្រាប់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ។
ស្ថិតក្រោមយុទ្ធនាការមួយដែលហៅថា Visit Laos Year 2024 អាជ្ញាធរទេសចរណ៍ និងប្រតិបត្តិករបានធ្វើឱ្យប្រសើរឡើង នូវសេវាកម្មនៅសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ព្រមទាំងបន្ថែមគ្រឿងបរិក្ខារ នៅតាមតំបន់ទេសចរណ៍ ដើម្បីផ្តល់នូវបទពិសោធន៍ភ្ញៀវទេសចរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ថ្លែងនៅក្នុងសម័យប្រជុំសាមញ្ញលើកទី៨ នីតិកាលទី៩ របស់រដ្ឋសភា នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានថ្លែងថា នៅឆ្នាំ២០២៥ រដ្ឋាភិបាលនឹងលើកកម្ពស់ វិស័យទេសចរណ៍ ដោយកំណត់ក្រុមជាក់លាក់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់វិស័យនៃសង្គម ដោយផ្តោតជាពិសេសលើការពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងវិស័យឯកជន ៕