បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Nicolas Lerner ដែលជាប្រធានទីភ្នាក់ងារ ចារកម្ម បរទេសរបស់ប្រទេសបារាំងបានអះអាងថា រដ្ឋាភិបាលទីបំផុតអ៊ីរ៉ង់ អាចទទួលបានអាវុធ នុយក្លេអ៊ែរ របស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះហើយ។
លោកLerner បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃសុក្រ ខណៈពេលកំពុងនិយាយទៅកាន់ អ្នកសារព័ត៌មាន នៅទីក្រុងប៉ារីស រួមជាមួយលោក Richard Moore ដែលជាប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ របស់អង់គ្លេសដោយលោកក៏បានពណ៌នា កម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហរ៉ង់ថា ជាកង្វល់ដ៏ធំបំផុតមួយសម្រាប់ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ផងដែរ ។
លោកបាននិយាយថា ៖ ទីភ្នាក់ងាររបស់យើង កំពុងធ្វើការទន្ទឹមគ្នា ដើម្បីប្រឈមមុខនឹងការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែងប្រសិន បើមិននិយាយថា ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប៉ុន្មានខែខាងមុខនេះ ។ ដូច្នេះការរីកសាយភាយបរមាណូ ដែលអាចកើតមាន នៅក្នុងប្រទេសអ៊ីរ៉ង់គឺនឹងមានច្រើនជាងនេះ។
ការងាររបស់អ៊ីរ៉ង់លើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានលោកខាងលិចចាត់ ទុកជាយូរយារណាស់ មកហើយថាជាកិច្ចខិតខំប្រឹង ប្រែងលាក់កំបាំង ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។ ក្តីបារម្ភបានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនជាឯកតោភាគី ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨។
ជាផ្នែកនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីបីឆ្នាំមុនទីក្រុងតេហរ៉ង់ បានយល់ព្រមក្នុងការ ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មមួយផ្នែក។
បន្ទាប់មក ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកែកថា កិច្ចព្រមព្រៀងនេះបរាជ័យ ក្នុងការរារាំង កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយកិច្ចខិតខំប្រឹងប្រែងផ្នែកការ ទូតទាំងអស់ ដើម្បីស្តារកិច្ចព្រមព្រៀង ឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្តបន្ទាប់ទៀត មិនអាចឈានដល់ការ ទម្លាយភាពទាល់ច្រកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី