ព័ត៌មានអន្តរជាតិ

ជប៉ុន នឹង​ប្រជែង​យក​កៅអី សមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សា​សន្តិសុខ​ក្នុងឆ្នាំ២០៤៣

Kyodo

តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុននឹងប្រកួតប្រជែង ការបោះឆ្នោតមួយសម្រាប់កៅអី មិនអចិន្ត្រៃយ៍លើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនៅឆ្នាំ២០៤៣ ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាព និងសន្តិសុខពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ តាមរយៈអង្គការអន្តរជាតិ។

អគ្គលេខាធិការរងខុទ្ទកាល័យលោក Keiichiro Tachibana បានឲ្យដឹងថា រដ្ឋាភិបាលបានចុះឈ្មោះជាមួយ អង្គការសហប្រជាជាតិរួចហើយ ដោយកត់សម្គាល់ថា ការត្រៀមរៀបចំ “ហ្មត់ចត់” គឺចាំបាច់ ខណៈដែលការបោះឆ្នោតនឹងមានការតស៊ូ យ៉ាងលំបាកក្នុងចំណោមប្រទេស ដែលចង់ទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សា ធ្វើសេចក្តីសម្រេច។

លោក Tachibana បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “យើងមានបំណងចូលរួមចំណែក ក្នុងការពិភាក្សារបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខពិភពលោក និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់” ។

លោកបានបន្ថែមថា “ប្រទេសជប៉ុនក៏នឹងនាំមុខក្នុងការ កែទម្រង់អង្គការសហប្រជាជាតិ និងពង្រឹងមុខងាររបស់ខ្លួនទាំងមូលផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រទេសជប៉ុនបច្ចុប្បន្ន កំពុងបម្រើការជាសមាជិក មិនអចិន្ត្រៃយ៍ជាលើកទី១២ ដោយអាណត្តិរយៈពេល ២ឆ្នាំរបស់ខ្លួននឹងបញ្ចប់ក្នុងខែនេះ ហើយបានដាក់បេក្ខភាពរបស់ខ្លួនរួចហើយ ដើម្បីចូលរួមក្រុមប្រឹក្សា ជាសមាជិកមិនអចិន្ត្រៃយ៍ចាប់ពីឆ្នាំ២០៣២ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top