ភ្នំពេញ ៖ លោក កេីត ឆែ អភិបាលរង រាជធានីភ្នពេញ បានលេីកឡេីងថា ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំ សម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីឱ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
នេះជាការលើកឡើងរបស់លោក កើត ឆែ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។
ពិធីខាងលេីនេះ ក៏មានការចូលរួមជាអធិបតីភាព ពីលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភ័ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាគ្រូបង្គោល និងលោកទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួង ព័ត៌មានជាគ្រូបង្គោលដែរ។
ក្នុងនោះលោក កើត ឆែ គូសបញ្ជាក់ថា “វិស័យព័ត៌មាន មានការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមបច្ចេកវិទ្យាយុគសម័យDIGITAL។ ក្នុងសម័យកាលDIGITALនាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីព និងអត់អាជីពប៉ុណ្ណឹង។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មាន យើងបានរួមគ្នាបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ គឺដើម្បីប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ”។
ជាមួយគ្នានេះ លោក កើត ឆែ បានណែនាំថា ក្រោយពីរបញ្ចប់ នូវវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរាជការនៅថ្នាក់មូលដ្ឋាននឹងក្លាយជាអ្នកប្រយុទ្ធប្រឆាំង និងព័ត៌មានក្លែងក្លាយដ៏មានឥទ្ធិពល។
លោកអភិបាលរង បានបញ្ជាក់ផងដែរថា “ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ យើងនឹងទទួលបានជ័យជំនះ តែបើយើងទទួលព័ត៌មានក្លែងក្លាយ យើងនឹងទទួលនូវមហន្តរាយដ៏ធំ ទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ គឺជារឿងរបស់យើងទាំងអស់គ្នា។ ការសិក្សាវគ្គបណ្តុះបណ្តាលនេះ មន្ត្រីរបស់យើងនឹងទទួលបានចំណេះដឹង ដូច្នេះសូមបន្តយកចំណេះដឹងទាំងនេះ ទៅចែកចាយដល់ក្រុមការងារ ក្រុមគ្រួសារក៏ដូចជាសហគមន៍ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការគ្រប់គ្រងព័ត៌មានក្លែងក្លាយបាន វានឹងធ្វើឲ្យយើងមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត”។
នៅក្នុងឱកាសនោះលោក ជុំ កុសល ក៏បានលើកឡើងដែលថា “សម័យកាលនេះ គឺជាសម័យការឌីជីថល ដែលយើងគ្រប់គ្នា ត្រូវតែដើរឲ្យទាន់។ ក្នុងនាមជាមន្ត្រីត្រូវស្វែងយល់អំពីព័ត៌មាន ហើយព័ត៌មានមិនមែនសម្រាប់តែអ្នកនាំពាក្យនោះទេ គឺសម្រាប់មន្ត្រីយើងទាំងអស់គ្នា។ យើងជាកងទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បើយើងទទួលព័ត៌មានខុស យើងនឹងសម្រេចចិត្តខុស ដែលនឹងនាំឲ្យមានបញ្ហាទាំងគ្រួសារ និងសង្គមជាតិទាំងមូល។ ទាំងនេះ គឺទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ គ្រប់គ្រងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ” ។
សូមរំលឹកថា វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចំនួន៧វគ្គរួចមកហើយ ដោយមានសិក្ខាកាម ជាមន្ត្រីរាជការ របស់រដ្ឋបាល ចំនួនជាង១ពាន់នាក់ចូលរួម៕