ព័ត៌មានអន្តរជាតិ

ប្រាក់វ៉ុនរបស់កូរ៉េ ធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រកាស ច្បាប់អាជ្ញាសឹក

Yonyab News

សេអ៊ូល ៖ រូបិយប័ណ្ណរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ គួរឱ្យកត់សម្គាល់ធៀប នឹងប្រាក់ដុល្លារអាមេរិកនៅថ្ងៃពុធ ចំពេលមានភាពចលាចល នយោបាយបន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក ជាបន្ទាន់របស់ប្រធានាធិបតីលោក Yoon Suk Yeol ដោយប្រាក់វ៉ុនរបស់កូរ៉េ បានបើកនៅតម្លៃ ១,៤១៨,១វ៉ុនក្នុងមួយដុល្លារ ធ្លាក់ចុះ ១៥,២វ៉ុនពីវគ្គមុន។

ក្នុងអំឡុងពេលនៃការជួញដូរ នៅឈូងសមុទ្រនាពេលយប់ ប្រាក់វ៉ុនបានធ្លាក់ចុះមកនៅខាងក្រោមកម្រិត ១,៤៤០ វ៉ុន ដែលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ នៅក្នុងសុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីយប់ថ្ងៃអង្គារ ដោយចោទប្រកាន់ភាគីប្រឆាំងថា បានធ្វើការប្រឆាំង សកម្មភាពរបស់រដ្ឋ។

រូបិយប័ណ្ណក្នុងស្រុក បានកាត់បន្ថយការខាតបង់មុន ដើម្បីបញ្ចប់នៅ ១,៤២៥ វ៉ុន បន្ទាប់ពីអាជ្ញាធរហិរញ្ញវត្ថុបានប្តេជ្ញាប្រមូល “ធនធានទាំងអស់ដែលមាន ដើម្បីធ្វើឱ្យមានស្ថេរភាពទីផ្សារ រួមទាំងការចាក់បញ្ចូល សាច់ប្រាក់ងាយស្រួលគ្មានដែនកំណត់” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ទីផ្សារប្តូរប្រាក់ និងផ្សារហ៊ុនបានបើកជាធម្មតានៅម៉ោង ៩ ព្រឹក ទោះបីជាអាជ្ញាធរបានពិនិត្យមើលការកែសម្រួល ដែលអាចកើតមានលើស្ថានភាព នយោបាយក៏ដោយ។ បន្ទាប់ពីយប់ដ៏តានតឹងមួយ ដែលកងទ័ពឡោមព័ទ្ធអគារ រដ្ឋសភាក្នុងទីក្រុងសេអ៊ូល លោក Yoon បានលើកឡើងពីការគ្រប់គ្រងរបស់យោធា ខណៈដែលរដ្ឋសភា បានបោះឆ្នោតបដិសេធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top