នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើអាស៊ាន-UN បន្តការទប់ស្កាត់សកម្មភាព ភេរវកម្មអន្តរជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើអាស៊ាន និងអង្គការសហប្រជាជាតិ(UN) បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយៈផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ដែលមន្រ្តីUNអាចធ្វើបានជាមួយអាស៊ាន ។

ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចបានថ្លែងសុន្ទរកថា គន្លឹះទៅកាន់បណ្តាមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ ។

សម្តេចតេជោមានប្រសាសន៍ថា “ចំពោះបញ្ហាអំពើហិង្សាជ្រុលនិយម និងអំពើភេរវកម្ម កម្ពុជាស្នើអាស៊ាន និងអង្គការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំ បាច់ដែលមន្រ្តីអង្គការសហប្រជាជាតិ អាចធ្វើបានជាមួយអាស៊ាន” ។

ដូចគ្នានឹងសុន្ទរកថា របស់មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ នាយករដ្ឋមន្រ្តី បានថ្លែងទៀតថា កម្ពុជានិងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការ យ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញអនុវត្ត កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

ទន្ទឹងនឹងនេះដែរ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានឈានទៅចេញ ផ្សាយនូវសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិលើកទី១០ និងបានធ្វើការកត់សំគាល់ផែនទីចង្អុល សម្រាប់ការបំពេញបន្ថែម២០២០-២០២៥ទៀតផង ៕

To Top