ព័ត៌មានជាតិ

គ្រូបច្ចេកទេស ៖ ការបណ្តុះបណ្តាល បន្ថែមពីវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុល តាមជំនាញ ដល់គ្រូបច្ចេកទេស ជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងគុណភាព បណ្តុះបណ្តាលនៅកម្ពុជា

ភ្នំពេញ៖ លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ក្នុងវគ្គវិក្រឹត ការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ ម៉ូឌុលតាមជំនាញ» ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការយល់ឃើញថា វគ្គវិក្រឹតការនេះពិតជាមានសារសំខាន់ ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដែលជាឧបករណ៍ទ្រទ្រង់ មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាព នៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបិទវគ្គវិក្រឹត ការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និង ការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ ដើម្បីគាំទ្រកម្ម វិធីបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកគ្រូ ថៃ ឆេងម៉ៅ ជាគ្រូបង្រៀន មកពីវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មើលឃើញថា វគ្គវិក្រឹតការគ្រូប ច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលបានរៀបចំ បណ្តុះបណ្តាល រយៈពេល១០ថ្ងៃនេះ គឺមានសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍ សមត្ថភាពគ្រូបច្ចេកទេស ឱ្យមានគុណភាពខ្ពស់ ជាមួយវិធីសាស្ត្របណ្តុះបណ្តាលដ៏រឹងមាំ និងការប្រើប្រាស់ម៉ូឌុលតាមជំនាញឱ្យបានត្រឹមត្រូវ។ ក្នុងនោះ គ្រូសិក្ខាកាមបានទទួល នូវការធ្វើបទបង្ហាញពីវាគ្មិន ជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលធ្វើ ឱ្យយល់កាន់តែ ស៊ីជម្រៅលើការបង្រៀន ជំនាញផងដែរ។

លោកគ្រូជំនាញបច្ចេកទេស រូបនេះបន្ថែមថា រយៈពេល១០ថ្ងៃនៃវគ្គវិក្រឹតការគ្រូនេះ ខ្លួនមានការយល់ដឹងច្រើន លើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែង មេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្រ្តថ្មីៗជាច្រើន លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈបានយ៉ាងល្អប្រសើរ បន្ថែមលើចំណេះដឹង ដែលមានស្រាប់។ ក្នុងនាមជាគ្រូបង្រៀនបច្ចេកទេស តាមរយៈវគ្គវិក្រឹត ការមួយនេះនឹងបន្តចែករំលែក និងការអនុវត្តជាក់ស្តែង នូវជំនាញបច្ចេកទេស ដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត និងកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ នៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

ដោយឡែកអ្នកគ្រូ សាន គីមជេន ជាគ្រូបង្រៀននៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត​កំពង់ធំ ក៏បានគូសបញ្ជាក់ដែរថា វគ្គវិក្រឹតការគ្រូបច្ចេកទេសគឺជាស្ពានសម្រាប់គ្រូបណ្តុះបណ្តាលទាំងអស់ឱ្យស្វែងយល់កាន់តែសុីជម្រៅលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ ហើយវគ្គវិក្រឹតការគ្រូបច្ចេកទេស ធ្វើឱ្យកាន់តែប្រសើរឡើង នៃសមត្ថភាពជំនាញ របស់គ្រូបណ្តុះបណ្តាលបច្ចេកទេស ដែលជាអ្នកចូលរួមយ៉ាងសំខាន់ ក្នុងបណ្តុះបណ្តាលយុវជននៅកម្ពុជា។

សម្រាប់វគ្គវិក្រឹតការ គ្រូបច្ចេកទេសនេះ អ្នកគ្រូមើលឃើញថា នឹងធ្វើឱ្យកាន់ តែប្រសើឡើង នៃគុណភាព នៃការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា និងអាចទាក់ទាញយុវជន ពលរដ្ឋឱ្យមកទទួលយកការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យកាន់តែទូលាយថែមមួយកំរិតទៀត នៅថ្ងៃអនាគត និងស្របតាមគោលបំណង របស់រាជរដ្ឋាភិបាល គឺយុវជនត្រូវតែរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ។

សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និង ការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែ​ក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់ផងដែរ​។

វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខា កាមជាគ្រូបច្ចេកទេស មកពីគ្រឹះស្ថាន TVET នានា និងមានការធ្វើបទបង្ហាញ ពីវាគ្មិន មកពីនាយកដ្ឋាន ជំនាញ, តំណាងវិស័យឯកជន, និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

To Top