ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សន្យាក្នុងការបន្តជួយបន្ថែម ទៅដល់ប្រទេសស៊ីរី ជាពិសេសកម្លាំងយោធា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងគាំទ្ររដ្ឋាភិបាលទីក្រុងដាម៉ាស ក្នុងការវាយបកទៅលើការវាយលុក របស់ពួកជីហាដនៅក្នុងប្រទេសស៊ីរី ព្រោះវាតំណាងឱ្យគ្រោះថ្នាក់ដល់តំបន់ទាំងមូល។

សម្ព័ន្ធក្រុមអាល់កៃដា Hayat Tahrir-al-Sham (HTS) បានបើកការវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយពីមូលដ្ឋានរបស់ខ្លួននៅ Idlib កាលពីសប្តាហ៍មុន ដោយរំលោភលើបទឈប់បាញ់ ដែលសម្របសម្រួលដោយរុស្ស៊ី និងតួគី ក្នុងឆ្នាំ២០២០ ។

ក្រុមសកម្មប្រយុទ្ធ HTS បានដណ្តើមយកទីក្រុង Aleppo និង Hama មកទល់ពេលនេះហើយបាន ជម្លៀសមនុស្សជាង ២៨០,០០០នាក់រួចមកហើយ។

លោក Araghchi បាននិយាយកាលពីថ្ងៃសុក្រថា៖ ក្រុមភេរវករ Takfiri បានដាក់ចេញនូវផែនការរយៈពេលវែងមួយ ដើម្បីបង្កអសន្តិសុខ និងអំពើហិង្សានៅក្នុងតំបន់។ ការថ្លែងការណ៍របស់លោក Araghchi បានធ្វើឡើងបន្ទាប់ពីបាន ជួបជាមួយសហការីអ៊ីរ៉ាក់ និងស៊ីរីនៅទីក្រុងបាកដាដ។

គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani បាននិយាយថា នៅក្នុងកិច្ចប្រជុំនៅទីក្រុងបាកដាដ អ៊ីរ៉ង់ និងអ៊ីរ៉ាក់បានសន្យាសម្របសម្រួល គោលនយោបាយស្តីពីស៊ីរីពីព្រោះថា វិបត្តិនៅក្នុងប្រទេសស៊ីរីអាចនឹង មានផលប៉ះពាល់ច្បាស់លាស់ លើសន្តិសុខអ៊ីរ៉ាក់ ហើយចាំបាច់ត្រូវទប់ស្កាត់៕

ប្រែសម្រួល៖ ស៊ុន លី

To Top