ព័ត៌មានជាតិ

សម្តេចធិបតី៖ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឺះសម្រាប់កម្ពុជា ក្នុងការបើកទ្វារកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឺះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនូវកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល (Halal) ។

នេះជាការគូសបញ្ជាក់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយ ឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។

ថ្លែងក្នុងពិធីខាងលើនេះ សម្តេចធិបតី មានប្រសាសន៍ថា “សហគមន៍ឥស្លាមរបស់កម្ពុជា គឺជាកោសិកាមួយ នៃសហគមន៍ឥស្លាមអន្តរជាតិ​ ដូច្នេះភាតរភាពនៃសាសនា ក៏បានបង្កើតនូវទំនុកទុកចិត្ត ជាពិសេស សម្រាប់ធុរកិច្ចឥស្លាមទូទាំងពិភពលោក ឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា” ។

បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឺះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនូវកាលានុវត្តសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល (Halal) ខ្លួនខ្ញុំផ្ទាល់ ក៏ផ្តល់ការយកចិត្តទុកដាក់ នូវការជំរុញឧស្សាហកម្មផលិតកម្ម និងការនាំចេញផលិតផល ហាឡាល ដើម្បីឱ្យកម្ពុជា អាចចាប់យកកាលានុវត្តដ៏ទូលំទូលាយ នៃទីផ្សារហាឡាល ដែលមានការបញ្ជាក់ពីស្តង់ដា និងការទទួលស្គាល់អនុឡោមភាពច្បាស់លាស់ លើគោលការណ៍ហាឡាលកម្រិតអន្តរជាតិ” ៕

To Top