ព័ត៌មានជាតិ

លោក គិន ភា ៖ ដំណើរទស្សនកិច្ច សម្តេចតេជោ​ ទៅ៤ប្រទេសនៃបច្ចឹមបូព៌ា ដើម្បីការទូតសេដ្ឋកិច្ច

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍នយោបាយទាំងក្នុងតំបន់ និងពិភពលោក លោកបណ្ឌិត គិន ភា បានបង្ហាញការយល់ឃើញចំពោះដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទៅប្រទេស៤ នៃទិសបច្ចឹមបូព៌ាជាបន្តបន្ទាប់ រយៈពេល១សប្តាហ៍ថា ជាដំណើរទស្សកិច្ចពង្រឹងទំនាក់ទំនងបន្ថែម លើផ្នែកសភាការទូត និងការទូត សេដ្ឋកិច្ច។

ការបំពេញទស្សននេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ទើបតែមកពីប្រទេសចិន ក្រោយសម្តេចបានក្លាយជាប្រធានព្រឹទ្ធសភា។

សម្រាប់ដំណើរទស្សនកិច្ចរយៈពេល១សប្តាហ៍របស់សម្តេចតេជោ ទៅកាន់ប្រទេស៤នេះ នឹងពង្រឹងលើផ្នែកអ្វីខ្លះនោះ លោកបណ្ឌិត គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ ធ្នូថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោ ទៅក្រៅប្រទេសនេះ ពិតជាមានសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ របស់កម្ពុជាជាមួយបណ្តា ប្រទេសទាំង៤នៃបច្ចឹមបូព៌ានេះ ហើយក៏ជាដំណើរការពិពិធកម្មការទូតដ៏រស់រវើក និងភាពឆ្លាតវៃនៃប្រទេសកម្ពុជា ដូចដែលសម្តេចតេជោ ធ្លាប់បានប្រកាសនៅពេលសម្តេចឡើង កាន់តំណែងជាប្រធានព្រឹទ្ធសភា លើការពង្រឹងទំនាក់ការទូតសភា ។

លោកបន្តថា “ដូចយើងដឹងហើយថា អាទិភាពសំខាន់ នៃការទូតរបស់កម្ពុជាពីនេះទៅមុខ គឺយើងផ្តោតទៅលើការទូតសេដ្ឋកិច្ច ដូច្នេះរាល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំយើង មិនថាថ្នាក់ដឹកនាំពីស្ថាប័ននីតបញ្ញត្តិ និងប្រមុខស្ថាប័ននីតិប្រតិបត្តិសុទ្ធតែផ្តោត ជាពិសេសទៅលើរបៀបវារៈសេដ្ឋកិច្ច”។

លោកថា ក្នុងគោលដៅជាចម្បងរបស់សម្តេចតេជោ នេះផ្តោតលើសេដ្ឋការទូតនេះដើម្បីទាក់ទាញការវិនិយោគពីបរទេស ការផ្លាស់ប្តូរពាណិជ្ជកម្មនិងពិពិធកម្មទីផ្សាររបស់កម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី៨ ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕

To Top