ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ហោះរូបភាពផ្សេងៗ ប្រើឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណា ឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ របស់មន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ការបង្ហោះរូបភាពផ្សេងៗ លើបណ្តាញសង្គមប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយស របស់មន្ត្រីនគរបាលជាតិ។

តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ មន្ត្រីនគរបាលជាតិ បានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ និងទទួលបាននូវសមិទ្ធផលជាបន្តបន្ទាប់។

ដោយពិនិត្យឃើញថា បច្ចុប្បន្ន មានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook Tiktok Instagram និងបណ្តាញសង្គមផ្សេងៗទៀត ដែលវីដេអូ មួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួល បានការរិះគន់ពីសាធារណជនផងដែរ។

ដើម្បីបង្ហាញពីឆន្ទៈមោះមត់ និងភាពមិនទន់ជ្រាយរបស់មន្ត្រីនគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដូចជា ៖

១-ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ត្រូវស្របតាមអនុក្រឹត្យ ស្តីពីការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិ។

២-ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្តតាមរយៈ បណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។

៣-ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ។

៤-ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ក្នុងពេលបំពេញការងារ ក្នុងពេលបំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យ។

៥-ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំចំពោះមន្ត្រីក្រោម ឱវាទ លើការបង្ហោះវីដេអូផ្សេងៗដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួម លើបណ្តាញសង្គម ដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមីជាមុន៕

To Top