ព័ត៌មានអន្តរជាតិ

រុស្ស៊ី មិនទាន់អាចកំណត់ អំពីជោគវាសនា មូលដ្ឋានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រធានាធិបតី អាសាធ រត់ចោលប្រទេស

RT News

បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា វាលឿនពេកក្នុងការកំណត់អនាគត នៃមូលដ្ឋានយោធារបស់រុស្ស៊ីនៅ Khmeimim និង ទីក្រុង Tartus ប្រទេសស៊ីរី។ លេខាធិការសារព័ត៌មាន Dmitry Peskov បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីមូលដ្ឋាននានា នឹងពឹងផ្អែកលើមេដឹកនាំថ្មីនៃប្រទេសស៊ីរី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Peskov បានប្រាប់អ្នកកាសែតកាលពីថ្ងៃច័ន្ទថា “បច្ចុប្បន្នយើងកំពុងឃើញ ពីដំណាក់កាលនៃការផ្លាស់ប្តូរ និងអស្ថិរភាពខ្លាំង” ។ លោកបានកត់សម្គាល់ថា ការវិវឌ្ឍថ្មីៗ ក្នុងប្រទេសស៊ីរីបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល រួមទាំងរុស្ស៊ីផងដែរ ។ «វានឹងត្រូវការពេលវេលាមុន ពេលយើងអាចចូលរួមក្នុង ការសន្ទនាដ៏ធ្ងន់ធ្ងរជាមួយអ្នកកាន់អំណាច» ។

កងកម្លាំងយោធារុស្ស៊ីមានវត្តមាននៅក្នុងប្រទេសស៊ីរីនៅឯមូលដ្ឋាន អាកាស Khmeimim និងមជ្ឈមណ្ឌលគាំទ្រភស្តុភារនៅទីក្រុង Tartus ដែលមានទីតាំងនៅភាគខាងលិច នៃប្រទេសតាមបណ្តោយឆ្នេរសមុទ្រ មេឌីទែរ៉ាណេ។ នៅឆ្នាំ 2017 ទីក្រុងម៉ូស្គូ និងក្រុងដាម៉ាសបានយល់ព្រមដាក់កងទ័ពរុស្ស៊ី នៅមូលដ្ឋានទាំងនេះសម្រាប់រយៈពេល ៤៩ ឆ្នាំ។

យោងតាមរបាយការណ៍ កងកម្លាំងប្រឆាំងស៊ីរីប្រដាប់អាវុធ បានចូលទៅជិតមូលដ្ឋានយោធាសំខាន់ពីររបស់រុស្ស៊ី ។ ប្រភពក្នុងស្រុកមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា បច្ចុប្បន្ននេះពួកគេមិនស្ថិតនៅក្រោមការគំរាមកំហែងនោះទេ ។ ប្រភពដដែលបានបន្តថា៖ «កងកម្លាំងប្រឆាំង មិនបានលុកលុយ ឬក៏មិនមានគម្រោងទន្ទ្រាន កាន់កាប់មូលដ្ឋានយោធា របស់រុស្ស៊ី ដែលកំពុងប្រតិបត្តិការជាធម្មតា» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top