ព័ត៌មានអន្តរជាតិ

ប្រមុខ​ការពារជាតិ​ជប៉ុន និង​អាមេរិក បញ្ជាក់​ឡើងវិញ​ នូវ​កិច្ចសហប្រតិបត្តិការ​កាន់ តែ​ជិតស្និទជាមួយ​កូរ៉េខាងត្បូង

kyodo

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីអាមេរិក លោក Lloyd Austin បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការជំរុញ កិច្ចសហប្រតិបត្តិការត្រី ភាគីជាមួយកូរ៉េខាងត្បូង ដែលបានប្រឈមមុខនឹង ភាពចលាចលនយោបាយ ចាប់តាំងពីសប្តាហ៍មុន ។

ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Austin ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ត្រូវបានបង្កើតឡើង ក្នុងខែតុលា បង្ហាញពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក លើតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលរដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក ចូ បៃដិន ជិតដល់ការបញ្ចប់នៅក្នុងខែមករា។

លោក Nakatani និងលោក Austin ក៏បានព្រមព្រៀងគ្នា ដែរថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹង សម្ព័ន្ធភាពរបស់ពួកគេ សូម្បីតែបន្ទាប់ពីលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលត្រូវបានគេស្គាល់ថា ជាវិធីសាស្រ្ត “America First” របស់លោក ចំពោះសេដ្ឋកិច្ច និងសន្តិសុខ កាន់តំណែងជាប្រធានាធិបតី។

លោក Austin បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងអំឡុងពេលកិច្ចប្រជុំ របស់គាត់ជា មួយលោក Nakatani នៅទីក្រុងតូក្យូ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol បានចេញសេចក្តី ប្រកាសគួរឱ្យភ្ញាក់ផ្អើល នៃច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានភាព ចលាចលក្នុងនយោបាយរបស់ប្រទេស។

លោក Austin បានបន្ថែមថា ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចរួមចំណែករួមគ្នា ក្នុងការដោះស្រាយការអះអាង យោធារបស់ចិន សង្គ្រាមអូសបន្លាយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងកូរ៉េខាងជើង ដែលថ្មីៗនេះបានគាំទ្រការលុកលុយ របស់ទីក្រុងមូស្គូ លើអ្នកជិតខាងរបស់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top