ព័ត៌មានជាតិ

ស្នងការនគរបាល ខេត្តកំពង់ធំ ៖ សមិទ្ធផលទាំងអស់ គឺកើតចេញពីអាជ្ញាធរ មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង

កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា សមិទ្ធផលទាំងអស់ គឺកើតចេញពីអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកបានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់ ដែលខិតខំប្រឹងប្រែងកន្លងមក ដើម្បីឲ្យទទួល បាននូវសមិទ្ធិផល ជាស្នាដៃយើងដូច្នេះបន្តថែរក្សាវប្បធម៌សាមគ្គីភាព ដើម្បីកសាង នូវសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ របស់យើង។

លោកសង្ឃឹមថាថ្នាក់ដឹកនាំ និងបងប្អូនកងកម្លាំងយើងទាំងអស់ ចូលរួមពិភាក្សាផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមកដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នា ដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាព ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនីតិកាលទី៧ ។

លោកបញ្ជាក់ថាកងកម្លាំងត្រូវរៀបចំផែនការច្បាស់លាស់ ដោយបែងចែកភារកិច្ច ផ្លាស់ប្តូរវេនដោយមានការប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីទទួលជួបជាមួយប្រជាពលរដ្ឋ លើការងារផ្តល់សេវា សាធារណៈជូនពួកគាត់ តាមសំណូមពរ និងទាន់ពេលវេលា ពិសេសចេញល្បាតការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រដោយសហការជាមួយកម្លាំង ជំនាញ កម្លាំងប្រជាការពារ ដោយលក្ខណៈប្តូរវេនឡើងចុះ ។

លោកបន្តថា ត្រូវផ្តល់សេវាដោយសហការ ជាមួយជំនាញពាក់ព័ន្ធ បំពេញបែបបទ លិខិតស្នាមជូនប្រជាពលរដ្ឋចុះដល់ខ្នងផ្ទះ និងបន្តចែកលេខទូរស័ព្ទ ដើម្បីឲ្យពួកគាត់ងាយស្រួល ក្នុងការទំនាក់ទំនង់ជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល ពេលមានបាតុភាពឬ សកម្មភាពផ្សេងៗ កើតឡើងជាយថាហេតុ និងអនុវត្តលើការងារ នគរបាល និងសហគមន៍ បានទំនាក់ទំនងយ៉ាងជិត ស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារ នៅតាមគោលដៅដែលបានកំណត់ ។

លោកបានដាស់តឿន ដល់កងកម្លាំងត្រូវផ្តោតសំខាន់ លើការងារគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ មេភូមិ បានចុះផ្សព្វផ្សាយធ្វើវេទិការសាធារណៈ និងបានជ្រើសរើសចងក្រង ជាក្រុមប្រជាការពារ ហើយបានដឹកនាំពួកគាត់ ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាប្រចាំ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល កងកម្លាំងត្រូវចូលរួមការដោះស្រាយជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាដោយប្រើយុទ្ធសាស្ត្រឈ្នះៗ រស់នៅសុខដុមរម្យនាជាមួយគ្នា ៕ ដោយសំនៀង

To Top