ព័ត៌មានជាតិ

សមត្ថកិច្ចតាមចាប់ពេក! ក្មេងទំនើងមួយក្រុម ខំប្តូរឈ្មោះ Teamទៅហើយ នៅឡើយតែរត់មិនរួច ពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញដដែល

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃ ក្នុងដើមខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានបទបញ្ជាម៉ឹងម៉ាត់​ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថ តាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប ៨៧នាក់ ដែលបានប្រមូលផ្តុំគ្នា ។

អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមក្មេងទំនើងទាំងនោះ តែងតែប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ហើយធ្វើសកម្មភាពដូចជា ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ក្នុងនោះមានក្មេងទំនើង ០៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង “Team98” តែដោយសមត្ថកិច្ចតាមចាប់ Team98 ពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា “Teamមុខព្រលានវិញ” ហើយក៏នៅតែត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូល ធ្វើការឃាត់ខ្លួន និងយកមកអប់រំតាមវិធានការរដ្ឋបាល ។

អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ក្រុមនេះ ក៏មានប្រវត្តិធ្លាប់ពាក់ព័ន្ធ នឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងទៀត ជាច្រើនលើក ជាពិសេសសមាជិកមួយចំនួន ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕

To Top