ព័ត៌មានអន្តរជាតិ

លោក Putin ៖ ប្រទេសរុស្សី គួរតែក្លាយទៅជាប្រទេស នាំមុខគេក្នុងបច្ចេកវិទ្យា AI

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្សី លោក Vladimir Putin បាននិយាយថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃ ហើយត្រូវបានគេរំពឹងថា នឹងក្លាយទៅជាប្រភព ដ៏សំខាន់សម្រាប់ការសម្រេច បាននូវគោលដៅជាតិរបស់ប្រទេសរុស្ស៊ី។

មេដឹកនាំ​រុស្ស៊ី​បាន​ធ្វើ​ការ​កត់សម្គាល់​នេះ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​អន្តរជាតិ AI ក្នុង​ទីក្រុង​មូស្គូហើយ បើយោងតាមលោក Putin បច្ចេកវិទ្យាថ្មីនេះកំពុងដំណើរការកាន់តែខ្លាំងឡើងចូលទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស ហើយបានផ្លាស់ប្តូរយ៉ាងខ្លាំង នូវឧស្សាហកម្មទាំងមូល។

លោក Putin បាននិយាយថា បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត គឺមានបំណងក្លាយជាធនធាន ដ៏សំខាន់បំផុតសម្រាប់ការ សម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ជាតិដោយបន្ថែមថា បច្ចេកវិទ្យានេះអាចជួយពង្រឹងសមត្ថភាពការពារប្រទេស ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ច និងវិស័យសង្គម រដ្ឋបាលសាធារណៈ និង កំណើននៃការច្នៃប្រឌិត។

លោកប្រធានាធិបតីបានសង្កត់ ធ្ងន់ទៀតថាដើម្បីដោះស្រាយបញ្ហាទាំងនេះដោយជោគជ័យ រុស្ស៊ីត្រូវតែក្លាយជាអ្នកដឹកនាំ ពិភពលោកមិនត្រឹមតែក្នុងការបង្កើតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងកម្រិតនៃការអនុវត្ត និងការប្រើប្រាស់ AI នៅក្នុងគ្រប់វិស័យនៃជីវិតរបស់យើង ដោយគ្មានករណីលើកលែងនោះទេ។

លក្ខខណ្ឌមួយក្នុងចំណោម លក្ខខណ្ឌសំខាន់ៗ សម្រាប់អធិបតេយ្យភាព ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមនោគមវិជ្ជា របស់ប្រទេស គឺត្រូវមានការអភិវឌ្ឍន៍ របស់ខ្លួននៅក្នុងវិស័យ AI នេះបើយោងតាមលោក Putinបានបញ្ចាក់បន្ថែម ។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន វិមានក្រឹមឡាំង បានប្រកាសថាខ្លួននឹងប្រើប្រាស់ឧបករណ៍ GigaChat ដែលបង្កើតឡើងដោយធនាគាររុស្ស៊ី និងបច្ចេកវិទ្យាយក្ស Sber ដើម្បីតម្រៀបតាមសំណួរ ដែលប្រជាជនរុស្ស៊ី ដាក់ជូនប្រធានាធិបតីនាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top