មូស្គូ៖ សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣,៩ភាគរយ នៅឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្រ្តីលោក Alexander Novak បានកត់សម្គាល់ថា សេដ្ឋកិច្ចរុស្ស៊ីបានបង្ហាញពីការអភិវឌ្ឍន៍ជាលំដាប់ ទោះបីជាមានការប្រឈមពីខាងក្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
លោកបានលើកឡើងថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ សេដ្ឋកិច្ចរុស្ស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ១២,៧ភាគរយ ដោយលោកបានបន្ថែមថា រួមមានកំណើនជាង ៣,៦ ភាគរយកាលពីឆ្នាំមុន និងការកើនឡើង ៣,៩ភាគរយនៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា កំណើនដែលបានព្យាករគឺខ្ពស់ជាងមធ្យមភាគពិភពលោក និងអត្រានៃសេដ្ឋកិច្ចអភិវឌ្ឍន៍។ លោកក៏បានកត់សម្គាល់ផងដែរអំពីការកើនឡើងដ៏រឹងមាំនៃការវិនិយោគរបស់ប្រទេសដែលបានកើនឡើង ៩,៨ភាគរយក្នុងឆ្នាំ២០២៣ និង ៨,៦ ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា