សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានដោះលែងអ្នកជំងឺឆ្លងកូវីដ-១៩ ចំនួន ៨២ នាក់បន្ថែមទៀត ដែលបានជាសះស្បើយ ដោយចំនួនអ្នកព្យាបាលជាសះស្បើន កើនឡើងដល់ ៦,៧៧៦ នាក់ ខណៈចំនួនអ្នកស្លាប់ ក៏កើនឡើងដល់ ២០០នាក់ដូចគ្នា។
ជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលកូរ៉េ បានឲ្យដឹងថាមនុស្សជាង ៥០ នាក់ ដែលបានជាសះស្បើយ បន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ បានធ្វើតេស្តវិជ្ជមានម្តងទៀត ប៉ុន្តែលទ្ធផលនេះ អាចបណ្តាលមកពីការធ្វើឱ្យ សកម្មឡើងវិញនៃវីរុសនេះ។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថាមនុស្ស ៥១ នាក់មកពីទីក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើង ដែលជាចំណុចកណ្តាល នៃការផ្ទុះជំងឺកូវីដ-១៩ នៅទីនេះបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសនេះ បន្ទាប់ពីពួកគេត្រូវបានដោះលែងពីការ ដាក់ឲ្យនៅដាច់ឆ្ងាយពីគេ៕ ដោយ៖ ឈូក បូរ៉ា