ព័ត៌មានអន្តរជាតិ

យន្តហោះអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើមូលដ្ឋាន ទ័ពស៊ីរីក្នុងខេត្ត Latakia និងខេត្ត Tartus ដែលមូល ដ្ឋានយោធា រុស្ស៊ីស្ថិតនៅ

RT News

បរទេស៖ ទូរទស្សន៍លីបង់ Al Mayadeen បានផ្សាយ ដោយដកស្រង់ពីអ្នកឆ្លើយឆ្លងព័ត៌មានថា យន្តហោះអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពស៊ីរីក្នុងខេត្ត Latakia និងខេត្ត Tartus ជាកន្លែងដែលមូលដ្ឋានយោធារុស្ស៊ីស្ថិតនៅ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមបណ្តាញនោះ ការវាយប្រហារបានផ្តោតលើប៉ុស្តិ៍បញ្ជាការ និងឃ្លាំងយោធា ដែលប្រើប្រាស់ ដោយកងទ័ពស៊ីរី ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានស្តីពីការស្លាប់និងរបួស ដែលអាចកើតមាននោះទេ។

កងកម្លាំងយោធារុស្ស៊ី មានវត្តមាន នៅក្នុងប្រទេសស៊ីរី នៅឯមូលដ្ឋានទ័ពអាកាស Khmeimim និងមជ្ឈមណ្ឌលគាំទ្រ ផ្នែកភស្តុភារនៅ Tartus ដែលមានទីតាំងនៅភាគខាងលិច នៃប្រទេសតាមបណ្តោយ ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ នៅឆ្នាំ ២០១៧ ទីក្រុងម៉ូស្គូ និង ក្រុងដាម៉ាស បានយល់ព្រមដាក់កងទ័ពរុស្ស៊ី នៅមូលដ្ឋានទាំងនេះ សម្រាប់រយៈពេល ៤៩ ឆ្នាំ។

បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយ Hayat Tahrir-al-Sham (HTS) បានចូលកាន់កាប់ទីក្រុង ដាម៉ាស កាលពីចុងសប្តាហ៍មុន ដែលជំរុញ ឱ្យប្រធានាធិបតីស៊ីរី Bashar Assad ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែល លោក ត្រូវបានគេផ្តល់សិទ្ធិជ្រកកោននោះ ជោគវាសនារបស់មូលដ្ឋាន Khmeimim និង Tartus កំពុងស្ថិតក្រោមការសាកសួរ ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអនុរដ្ឋមន្ត្រីការបរទេស លោក Mikhail Bogdanov អ្នកការទូតរុស្ស៊ីបានពិភាក្សារួច ហើយអំពីបញ្ហាទាំងនេះ ជាមួយគណៈកម្មាធិការនយោបាយ HTS ៕
ប្រែសម្រួលៈ ណៃ តុលា

To Top