បរទេស៖ រដ្ឋាភិបាលថៃ នឹងបង្កើតក្រុមការងារពិសេស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃគ្រឿងញៀន ខុសច្បាប់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ផែនការនេះត្រូវបានបង្ហាញ ដោយអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ខណៈដែលលោកបាន ចូលរួមជាមួយសមាជិកនៃគណបក្សភឿថៃ ដែលកំពុងកាន់អំណាច ក្នុងការធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Hua Hin នៃខេត្ត Prachuap Khiri Khan សម្រាប់សិក្ខាសាលាគណបក្សមួយ។
លោក ថាក់ស៊ីន ដែលជាឪពុករបស់នាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្សភឿថៃ លោកស្រី Paetongtarn Shinawatra គ្រោងនឹងធ្វើបាឋកថាពិសេស នៅក្នុងព្រឹត្តិការណ៍ ដែលមានគោលបំណង លើកកំពស់សមត្ថភាពសមាជិកសភា និងបុគ្គលិកនយោបាយ ។
នៅពេលសួរអំពីគោលនយោបាយ របស់គណបក្ស ដែលបានប្រកាស ក្នុងសប្តាហ៍នេះដោយលោកស្រី Paetongtarn លោកថាក់ស៊ីនបានដោះស្រាយបញ្ហា ទាក់ទងនឹងឥស្សរជនមានឥទ្ធិពល និងគ្រឿងញៀនខុសច្បាប់។
លោកបាននិយាយថា លោកស្រី Paetongtarn នឹងបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងដឹកនាំក្រុមការងារ ដោយផ្ទាល់៕
ប្រែសម្រួលៈ ណៃ តុលា