ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា ប្រព័ន្ធការពារដែន អាកាសស៊ីរីជាង ៩០ភាគរយ ត្រូវបានបំផ្លាញចោល

AFP

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី ដោយបានបំផ្លាញជាង ៩០ភាគរយនៃប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រពីដីទៅអាកាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បានលាតត្រដាងថា ខ្លួនបាននឹងកំពុងធ្វើការវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពរបស់ប្រទេសស៊ីរី ដោយគិតគូរពីការធ្លាក់ចុះសក្តានុពលរបស់លោក បាសា អាល់អាសាដ។

  សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “នៅក្នុងការរៀបចំសម្រាប់សេណារីយ៉ូបែបនេះ កងទ័ពអាកាសបានបង្កើតផែនការវាយប្រហារយ៉ាងទូលំទូលាយ សំដៅធ្វើឱ្យអព្យាក្រឹតសមត្ថភាពយោធារបស់ប្រទេសស៊ីរី រួមទាំងសព្វាវុធយុទ្ធសាស្ត្រ” ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យន្តហោះចម្បាំង និងយន្តហោះអ៊ីស្រាអែលរាប់រយគ្រឿងបានបើកការវាយប្រហារ ដោយធ្វើការវាយលុកយ៉ាងសំខាន់ដល់អាវុធយុទ្ធសាស្ត្របំផុតរបស់ប្រទេសស៊ីរី រួមមានយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ កាំជ្រួច ដ្រូន UAV រ៉ាដា និងគ្រាប់រ៉ុក្កែត។

ការ​វាយ​ប្រហារ​នេះ​ក៏​បាន​កំណត់​គោល​ដៅ​លើ​មូលដ្ឋាន​អាកាស​សំខាន់​ៗ​មួយ​ចំនួន​របស់​ស៊ីរី។  អាកាសយានដ្ឋាន T4 នៅជិតទីក្រុងដាម៉ាស់ ភាគខាងជើងត្រូវបានខូចខាតយ៉ាងខ្លាំង ជាមួយនឹងការបំផ្លិចបំផ្លាញទាំងស្រុងនៃកងយន្តហោះចម្បាំង SU-22 និង SU-24 ដែលឈរជើងនៅទីនោះ។

លើសពីនេះ រោងចក្រផលិត និងស្តុកទុក រួមទាំងកន្លែងសំខាន់មួយនៅក្នុងតំបន់ Homs របស់ប្រទេសស៊ីរី ដែលត្រូវបានគេកំណត់ថា ជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីមីស៊ីល Scud របស់ប្រទេសស៊ីរី ត្រូវបានគេកំណត់គោលដៅវាយប្រហារផងដែរ។

សេចក្តីថ្លែងការណ៍របស់ IDF បានគូសបញ្ជាក់ថា ប្រតិបត្តិការទាំងនេះមានគោលបំណងធ្វើឱ្យខូចសមត្ថភាពយោធាកម្រិតខ្ពស់របស់ប្រទេសស៊ីរី ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top