បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrey Sibiga បាននិយាយកាលពីថ្ងៃសុក្រថា ក្រុងគៀវត្រូវការប្រព័ន្ធការពារដែនអាកាសថ្មីចំនួន២០ បន្ថែមទៀតជាបន្ទាន់ ដើម្បីការពារប្រទេសពីការវាយប្រហារ ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។
លោក Sibiga បានយកបណ្តាញសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter បន្ទាប់ពីការវាយប្រហារដ៏ធំចុងក្រោយបង្អស់ដែលធ្វើឡើងដោយទីក្រុងមូស្គូ ក្នុងការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនរបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ីដោយប្រើមីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិច ដែលការផ្ទុះត្រូវបានរាយការណ៍នៅទូទាំងប្រទេសអ៊ុយក្រែនកាលពីយប់មិញ ដោយការផ្គត់ផ្គង់អគ្គិសនីត្រូវបានរំខាននៅទូទាំងតំបន់ជាច្រើន។
ការវាយប្រហារដោយមីស៊ីលរុស្ស៊ីដ៏ធំលើអ៊ុយក្រែននៅព្រឹកថ្ងៃនោះ ដោយផ្តោតជាចម្បងទៅលើប្រព័ន្ធថាមពល ហើយមិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីក៏មានបំណងផ្តាច់ថាមពលរបស់អ៊ុយក្រែនផងដែរ។
ប្រព័ន្ធទាំងអស់ដែលបានរាយបញ្ជីដោយ Sibiga មានទាំងមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយខ្លីទៅមធ្យម ដែលគ្រឿងសព្វាវុធបែបនេះកន្លងមកធ្លាប់ត្រូវបានផ្គត់ផ្គង់ ដល់ក្រុងគៀវដោយពួកអ្នកគាំទ្រលោកខាងលិច ហើយត្រូវបានគេមើលឃើញថាកំពុងប្រើប្រាស់យ៉ាងសកម្មក្នុងអំឡុងពេលជម្លោះ។
រុស្ស៊ីបានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយយ៉ាងធំលើអ៊ុយក្រែនពេញមួយយប់ ដោយផ្តោតជាចម្បងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។ យោងតាមយោធារុស្ស៊ី ការវាយប្រហារបានឈានដល់គោលដៅរបស់ខ្លួន ខណៈដែលគោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារដោយជោគជ័យ។
គួរឲ្យដឹងដែរថាការវាយប្រហារចុងក្រោយបំផុតលើទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិជាមួយនឹងអាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិចបានកើតឡើងកាលពីថ្ងៃពុធ នៅពេលដែលក្រុងគៀវបានកំណត់គោលដៅលើអាកាសយានដ្ឋានយោធាដែលមានទីតាំងនៅជិតទីក្រុង Taganrog ក្នុងតំបន់ Rostov ៕
ប្រែសម្រួល៖ ស៊ុនលី