ព័ត៌មានជាតិ

ផលិតផលកសិកម្មមានលក្ខណៈពិសេសប្រចាំតំបន់ខ្ពង់រាបខេត្តយូណានប្រទេសចិន បានបង្ហាញវត្តមានក្នុង «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»

ភ្នំពេញ៖​ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យតំណាងពាណិជ្ជកម្មខេត្តយូណាន ប្រចាំនៅភ្នំពេញ (ការិយាល័យតំណាងភ្នំពេញ) បានដឹកនាំភ្នាក់ងារចែកចាយផលិតផលកសិកម្មមានលក្ខណៈពិសេស​ ប្រចាំតំបន់ខ្ពង់រាបខេត្តយូណានជាច្រើនស្ថាប័នចូលរួម «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយប្រមូលផ្តុំគ្នាជំរុញការផ្សព្វផ្សាយណែនាំផលិតផលកសិកម្ម​ មានលក្ខណៈពិសេសប្រចាំតំបន់ខ្ពង់រាបខេត្តយូណាន ដែលជួយជាកម្លាំងដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម​ រវាងខេត្តយូណាន និងប្រទេសកម្ពុជា។

ផលិតផលមានលក្ខណៈពិសេសជិត២០ប្រភេទ ដែលដាក់តាំងបង្ហាញក្នុងពិព័រណ៌​ បានទាក់ចិត្តភ្ញៀវកិត្តិយស និងអតិថិជនដែលអញ្ជើញទស្សនាពិព័រណ៌ ឱ្យមកភ្លក់រសជាតិ គយគន់ និងសាកសួរព័ត៌មាន ដូចជា៖ ផ្កាស្រស់សម្រាប់ដោតតុបតែងមកពីតំបន់តូវណាន(Dounan) ផ្កាកុលាបព្រះអាទិត្យស្រុកពីងឈួន(Binchuan) ផ្លែប៉ោមក្រុងចាវថង់(Zhaotong) ផ្លែយិនសិន(Ginseng)ស្រុកសឺលីន(Shilin) ផ្លែក្រូចផ្អែមភ្នំអាយឡៅ(Ailao Mountains)​ សណ្តែកដីពណ៌ ដំឡូងស្វាយផ្កាកុលាប តែភូអឺ(Pu’er tea) កាហ្វេគ្រាប់ល្អិតក្រុងប៉ាវសាន(Baoshan) នំផ្កាស្រស់យូណាន(Yunnan flower cake)។ល។

ថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញទស្សនា​ ស្តង់ពិព័រណ៌ដោយផ្ទាល់ ដូចជា៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្ត្រី​ បានទទួលស្គាល់គុណភាព​ ផលិតផលមានលក្ខណៈពិសេសប្រចាំតំបន់ខ្ពង់រាបប្រទេសចិន ដូចជា៖ ផ្កាស្រស់ និងផ្លែឈើខេត្តយូណាន ព្រមទាំងសម្តែងការស្វាគមន៍ចំពោះ ផលិតផលមានលក្ខណៈពិសេសប្រចាំខេត្តយូណាន​ ដែលមានគុណភាពល្អ “នាំចូល” មកកាន់ប្រទេសកម្ពុជា​ ឱ្យបានកាន់តែច្រើន ហើយក៏សង្ឃឹមថាក្រុមហ៊ុន និងសហគ្រាសខេត្តយូណានមកបណ្តាក់ទុនវិនិយោគលើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ការិយាល័យតំណាងភ្នំពេញ បាននិងកំពុងតែឆ្លើយតបយ៉ាងសកម្មចំពោះការជំរុញការអនុវត្តបទប្បញ្ញត្តិ​ ពាក់ព័ន្ធនឹងធុរកិច្ចក្រៅប្រទេសរបស់ខេត្តយូណាន នាអំឡុងពេលតាំងពិព័រណ៌ ការិយាល័យតំណាងភ្នំពេញបានជ្រើសរើស​ និងរៀបចំចងក្រងព័ត៌មានជាង២០អត្ថបទស្តីពីពាណិជ្ជកម្មនាំចេញនាំចូលរវាងខេត្តយូណាន និងកម្ពុជា ធ្វើឱ្យការងារជំរុញពាណិជ្ជកម្មដំណើរការទៅបានកាន់តែសុក្រឹត និងសម្បូរបែបថែមមួយកម្រិតទៀត ភ្នាក់ងារចែកចាយដែលចូលរួមតាំងពិព័រណ៌បានផ្គូផ្គងជាមួយអតិថិជន​ ដែលមានសក្កានុពលជាង១០ស្ថាប័ននៅនឹងស្តង់ពិព័រណ៌ដោយផ្ទាល់ ដែលជួយជាកម្លាំងដល់ជំហ៊ានបន្ទាប់នៃការ “នាំចូល” ផលិតផលមានលក្ខណៈពិសេសប្រចាំខេត្តយូណាន មកកាន់ទីផ្សារកម្ពុជាឱ្យបានកាន់តែល្អប្រសើរ។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំង ពី ឆ្នាំ ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ពិព័រណ៌លើកនេះត្រូវបានធ្វើឡើងក្រោមមូលបទ៖ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ពិព័រណ៍នេះ មានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។ ក្រុមហ៊ុន អ្នកចែកចាយ និងអ្នកតំណាងធុរកិច្ច ចំណីអាហារ ផលិតផលសិប្បកម្ម ដែលចូលរួមជាអ្នកតាំងពិព័រណ៍ជិត២០០ស្ថាប័ន ដែលមានទាំងក្នុងស្រុក និងអាស៊ីអាគ្នេយ៍។ គោលបំណងនៃពិព័រណ៍លើកនេះ គឺជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែរស់រវើក ជួយជាកម្លាំងដល់ការអភិវឌ្ឍវិស័យឯកជន សកម្មក្នុងការពង្រីកបណ្តាញពាណិជ្ជកម្មសកលរបស់កម្ពុជា៕

To Top