ហ្គាហ្សា៖ យោងតាមប្រភពផ្លូវការរបស់ប៉ាឡេស្ទីន បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៤៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយឆ្មក់ ជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
អ្នកនាំពាក្យការពារជនស៊ីវិលហ្គាហ្សា លោក Mahmoud Basal បានប្រាប់កាសែត ស៊ិនហួថា មនុស្សយ៉ាងតិច ៤០ នាក់ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានវាយលុកចូល សាលា Khalil Awida ដែលជាលំនៅដ្ឋាន របស់គ្រួសារជនភៀសខ្លួននៅក្នុងទីក្រុង Beit Hanoun ភាគខាងជើងនៃតំបន់ហ្គាហ្សា។
ក្រុមហាម៉ាស់ បានថ្កោលទោសការ វាយប្រហារ របស់អ៊ីស្រាអែល លើសាលារៀនដោយហៅវាថាជាការបន្តនៃប្រតិបត្តិការ “ការផ្លាស់ទីលំនៅដោយបង្ខំ” ដែលធ្វើឡើង ដោយកងទ័ពអ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្គាហ្សា អស់រយៈពេលជាងពីរខែ។
នៅតំបន់ហ្គាហ្សា ភាគកណ្តាល ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានតង់មួយ បានផ្លាស់ទីលំនៅ ប្រជាជននៅ Deir al-Balah បានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និង ៨នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យ al-Aqsa ។
ទន្ទឹមនឹងនេះ មន្ទីរពេទ្យ Nasser នៅទីក្រុងខាន់យូនីស បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ដោយសារ ការវាយប្រហារតាមអាកាស លើសង្កាត់ al-Amal ភាគខាងលិចនៃទីក្រុងខាន់យូនីស ខណៈដែលអង្គភាពសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបានប្រមូលសាកសពមនុស្សផ្សេងទៀត ដែលបានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសលើតំបន់ Khirbet al-Adas ភាគឦសាននៃទីក្រុងរ៉ាហ្វា នៅភាគខាងត្បូង តំបន់ហ្គាហ្សា ។
លោក Ashraf al-Qader អ្នកនាំពាក្យរបស់អាជ្ញាធរ សុខាភិបាលហ្គាហ្សា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានបំផ្លាញ មណ្ឌលសុខភាព ដែលផ្តល់សេវាថែទាំបឋមនៅក្នុងជំរុំ Jabalia ភាគខាងតំបន់ហ្គាហ្សា ។
កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ដោយមានការ សម្របសម្រួល ជាមួយទីភ្នាក់ងារ សន្តិសុខអ៊ីស្រាអែល (ISA) ពួកគេបានធ្វើការវាយឆ្មក់ តាមគោលដៅលើចំណុច ប្រជុំក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Beit Hanoun ។ នៅក្នុងទីក្រុង Beit Lahia កងទ័ព IDF បានសម្លាប់ពួកសកម្មប្រយុទ្ធ និងបានបំផ្លាញអាវុធជាច្រើន រួមទាំងគ្រឿងផ្ទុះ និងគ្រាប់បែកដៃរាប់សិបដើមផ្សេងទៀត៕