ព័ត៌មានជាតិ

មន្ត្រីក្រសួងមហាផ្ទៃ បន្តផ្តល់អត្តសញ្ញាណប័ណ្ណជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្មជាង ២ម៉ឺនសេវាទៀត ជូនពលរដ្ឋ

ភ្នំពេញ ៖ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកការងារ អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន ៩.៩១៤សន្លឹក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងនាព្រឹក១៧ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងដែរថា មន្រ្តី ក៏បានបន្តផ្តល់សេវា អត្តសញ្ញាណកម្ម ផ្សេងទៀត សរុបជាង ២ម៉ឺនសេវា ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែរ ក្នុងនោះរួមមាន ៖ សេវាលិខិតឆ្លងដែនមានចំនួន ១១.៧១៨ក្បាល លិខិតធ្វើដំណើរមានចំនួន ២.៨២៧ក្បាល សៀវភៅស្នាក់នៅ មានចំនួន ៤.២១៣ក្បាល និងសៀវភៅគ្រួសារ មានចំនួន ៣.៦៧៣ក្បាល។

បើតាមលោកបណ្ឌិត ទូច សុឃៈ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួង មហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈ មានភាពងាយស្រួលជូនពលរដ្ឋ។

លោកបន្ថែមថា ជាក់ស្ដែងអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជាច្រើនតាមប្រព័ន្ធអនឡាញ (online) ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមមូលដ្ឋាន និងនៅតាមផ្សារទំនើប ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ ឱ្យបន្តសិក្សាតាមបណ្តាច្រក ចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមទស្សនៈ “អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ ក្តៅជូនប្រជាពលរដ្ឋ”។

សូមបញ្ជាក់ថា ដើម្បីជំរុញការងារផ្ដលសេវា អត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មី របកខូច សូមយកមកប្តូរនៅ តាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃទីកន្លែងដែលបងប្អូនរស់នៅ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែកអ្នកមានអត្តសញ្ញាណប័ណ្ណ ជិតផុតសុពលភាព ក៏អាចស្នើសុំធ្វើឡើងវិញ ដោយឥតគិតថ្លៃនៅទីតាំងទាំងនោះបានដែរ៕

To Top