ព័ត៌មានជាតិ

ក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart ULP បានធ្វើទស្សនកិច្ចសិក្សាដើម្បី ស្វែងយល់ពីសហគ្រិនភាពនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖​ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុម ​Jurnivers មកពីសាកលវិទ្យាល័យ ខេមតិច ដែលជាក្រុមនិស្សិតជ័យលាភីនៃកម្មវិធី SmartStart Unipreneur Learning Platform (ULP) Hackathon ឆ្នាំ ២០២៤នេះ បានធ្វើដំណើរទស្សកិច្ចសិក្សាទៅកាន់ទីក្រុងហ្សាការតា ដើម្បីស្វែងយល់ពីនវានុវត្តន៍ថ្មីៗ និងបរិបទសហគ្រិនភាពនៅក្នុងតំបន់។

ជាក់ស្ដែង លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា “យើងសង្ឃឹមយ៉ាងមុតមាំថា​ ក្រុមនិស្សិតជ័យលាភីរបស់យើងនឹងទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតបានជាដំណោះស្រាយឌីជីថល សម្រាប់បញ្ហាដែលសង្គមកំពុងជួបប្រទះ។” លោកក៏បន្តទៀតថា “ក្នុងពេលខាងមុខ ក្រុមហ៊ុន Smart Axiata ពិតជាសង្ឃឹមថាក្រុមហ៊ុននឹងអាចបន្តបណ្ដុះបណ្ដាលនូវអ្នកដឹកនាំវ័យក្មេងជាច្រើនទៀត ដើម្បីឱ្យពួកគេអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយ​ៈនវានុវត្តន៍ថ្មីៗ និងសហគ្រិនភាពរបស់ពួកគេ។”

សកម្មភាពរបស់ក្រុម Jurnivers នៅក្នុងកម្មវិធី Hackathon របស់យើង

កម្មវិធីប្រកួតថ្នាក់ជាតិ​ SmartStart ULP Hackathon ដែលប្រព្រឹត្តឡើងក្នុងខែកញ្ញា ឆ្នាំ ២០២៤ នេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីភាពច្នៃប្រឌិត និងស្មារតីសហគ្រិនភាពរបស់និស្សិត មកពីខេត្តក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុម Jurnivers ដែលជាក្រុមជ័យលាភីលើផ្នែក “Overall Excellence” ទទួលបានការស្ងើចសសើរពីគណៈកម្មការ លើគំនិតរបស់ពួកគេក្នុងការក្នុងការបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ និងលើកទឹកចិត្តឱ្យភ្ញៀវអន្តរជាតិមកកម្សាន្តនៅប្រទេសកម្ពុជាក្នុងរយៈពេលកាន់តែយូរ។ ភាពជោគជ័យរបស់ក្រុម Jurnivers បានផ្ដល់ឱកាសឱ្យពួកគេបានធ្វើដំណើរទស្សកិច្ចក្នុងតំបន់ ដើម្បីចាប់យកនូវគំនិតថ្មីៗ ល្អៗ ពីប្រទេសជិតខាង។

កញ្ញា គឹម កុសុម៉ា នាយកប្រតិបត្តិប្រតិបត្តិការនៃ Impact Hub Phnom Penhបានបង្ហាញពីភាពសោមន្សរីករាយដោយបានលើកឡើងថា “នាងខ្ញុំពិតជាត្រេកអរដែលបានឃើញនិស្សិតរបស់យើងទទួលបានឱកាសក្នុងការស្វែងយល់អំពីបរិបទសហគ្រិនភាពនៃប្រទេសឥណ្ឌូនេស៊ី ព្រមទាំងបានស្វែងយល់ពីទំនៀមទម្លាប់ និងវប្បធម៌នៃប្រទេសជិតខាង។ នាងខ្ញុំពេញចិត្តដែលបានឃើញពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិននៅទីនេះ និងទទួលបានចំណេះដឹងថ្មីៗពីក្រុមហ៊ុនដែលយើងបានទៅដល់។”

ដំណើរទស្សនកិច្ចដើម្បីសិក្សាពីសហគ្រិនភាព

ទស្សនកិច្ចសិក្សារយៈពេល ៤ ថ្ងៃរបស់ក្រុមនិស្សិត គឺពោរពេញទៅដោយការភ្ជាប់ទំនាក់ទំនង រួមជាមួយនឹង ការយល់ដឹងពីវប្បធម៌ដ៏ផូរផង់របស់ប្រទេសឥណ្ឌូនេស៊ី ដែលរួមមាន៖

• ថ្ងៃទី ១​៖​ ការឈ្វេងយល់ពីបរិបទទូទៅនៃទីក្រុងហ្សាការតា ដើម្បីឱ្យពួកគេអាចសម្របខ្លួនបានទៅនឹង​ ការរស់នៅ និងវប្បធម៌ក្នុងតំបន់។ ក្រុមនិស្សិតក៏ទទួលបាននូវការស្វាគមន៍អាហារពេលល្ងាច ពីក្រុមការងារ Impact Hub នៅទីក្រុងហ្សាការតាផងដែរ។

• ថ្ងៃទី ២៖ ការធ្វើទស្សនកិច្ចទៅកាន់ការិយាល័យរបស់ Impact Hub Jakarta ដើម្បីយល់ដឹងពី ប្រព័ន្ធអេកូឡូសុីនៃបច្ចេកវិទ្យា និងធុរកិច្ច នៅក្នុងប្រទេសឥណ្ឌូនេសុី ព្រមទាំង ភ្ជាប់ទំនាក់ទំនងជាមួយនឹង​ធុរកិច្ចក្នុងស្រុក ដូចជាក្រុមហ៊ុន Asuransi Kitabisa ដែលផ្ដល់នូវចំណេះដឹងក្នុងការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា ដើម្បីជួយសហគមន៍ តាមរយៈការធានារ៉ាប់រង។ ដំណើរទស្សកិច្ចនេះ ត្រូវបានបិទបញ្ចប់ដោយជំនួបរវាងក្រុមនិស្សិតជ័យលាភី ជាមួយនឹងក្រុមហ៊ុន Xendit ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយដែលកំពុងបង្កើនភាពងាយស្រួលដល់ការទូទាត់ប្រាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

• ថ្ងៃទី ៣ ៖ ជំនួបជាមួយ Alibaba Cloud ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំក្នុងតំបន់ ព្រមទាំង Blitz ដែលជាធុរកិច្ចថ្មីដែលធ្វើការលើវិស័យដឹកជញ្ជូនដោយប្រើយានយន្តអគ្គិសនី បានផ្តល់នូវគំនិតច្នៃប្រឌិតសម្រាប់សិស្សានុសិស្ស។ មិនតែប៉ុណ្ណោះ ក្រុមនិស្សិតថែមទាំងមានឱកាសចូលរួមការបង្ហាត់បង្រៀន ដែលបានរៀបចំឡើងដោយក្រុមហ៊ុន XL Axiata ផ្ដោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការរបស់ក្រុមហ៊ុនទូរគមនាគមន៍នេះ។

• ថ្ងៃទី ៤៖ បន្ទាប់ពីដំណើរទស្សនកិច្ចនេះបានបញ្ចប់ ក្រុមនិស្សិតក៏បានធ្វើការឆ្លុះបញ្ចាំងទៅលើអ្វីដែលពួកគេបានសិក្សា មុនពេលធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ។

សុខ ស្រីលក្ស្មី ដែលជានិស្សិតពីក្រុម Jurnivers មានភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនក្នុងទីក្រុងហ្សាការតា។ ប្អូនស្រីបាននិយាយថា “ចាប់តាំងពីបានឈានជើងចូលមកដល់ប្រទេសឥណ្ឌូនេស៊ីមក ខ្ញុំមើលឃើញពីភាពខុសគ្នាច្រើន ប៉ុន្តែយើងក៏មានអ្វីដែលស្រដៀងគ្នាច្រើនដែរ។ ដំណើរទស្សនកិច្ចនេះបានផ្ដល់នូវមេរៀនច្រើនមែនទែន ហើយក៏បានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំផ្ទាល់ផងដែរ។”

ការលើកកម្ពស់សហគ្រិនភាពតាមរយៈកម្មវិធី SmartStart ULP

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៩ មក កម្មវិធី SmartStart ULP បានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់សិស្សនិស្សិតប្រមាណជា ២៩០០ នាក់ មកពីសាកលវិទ្យាល័យ​ ១៦ ផ្សេងៗគ្នា ដោយរួមបញ្ចូលនូវការសិក្សាតាមបែបទ្រឹស្ដី និងការអនុវត្តផ្ទាល់។​ បន្ថែមពីនេះកម្មវិធី Hackathon ដើរតួនាទីយ៉ាងសំខាន់ក្នុងការ​បង្កើតនូវគំនិតថ្មីៗ ល្អៗ ដោយក្នុងនោះ សមិទ្ធផលរបស់ Jurnivers ក៏ជាភាពជោគជ័យមួយសម្រាប់កម្មវិធីផងដែរ។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្សាការតានេះ បានបញ្ជាក់ឱ្យឃើញពីការខិតខំរបស់ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ក្នុងការជំរុញសង្គមឌីជីថល និងការកសាងនវានុវត្តន៍ក្នុងស្រុក។ តាមរយៈការផ្សារភ្ជាប់រវាងសហគ្រិនវ័យក្មេងជាមួយនឹងធនធានមនុស្សក្នុងតំបន់ កម្មវិធី SmartStart ULPនេះ​ បាននិងកំពុងបង្កើតនូវភាពរីកចម្រើនលូតលាស់ សម្រាប់យុវជន ដែលជាទេពកោសល្យមិនអាចខ្វះបានរបស់កម្ពុជា។

To Top