បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ក្នុងគោលបំណងបញ្ឈប់ “ការសម្លាប់រង្គាល” រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅ Mar-a-Lago របស់លោកកាលពីថ្ងៃចន្ទ លោក Trump បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរថាតើលោកបាននិយាយជាមួយលោក Putin ចាប់តាំងពីគាត់បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ ទោះយ៉ាងណាក៏ដោយ លោក Trump បាននិយាយថា លោកមានបំណងធ្វើដូច្នេះ។
លោកបាននិយាយថា “យើងនឹងនិយាយជាមួយប្រធានាធិបតី Putin ហើយយើងនឹងនិយាយជាមួយអ្នកតំណាង Zelensky និងអ្នកតំណាងមកពីអ៊ុយក្រែន” ។ “យើងត្រូវតែបញ្ឈប់វា។ វាជាការសម្លាប់រង្គាល” លោកបានបន្ថែមដោយសំដៅទៅលើជម្លោះជិតបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោកបានបន្តថា «វាជាការសម្លាប់រង្គាលដែលយើងមិនបានឃើញតាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ»។ “វាត្រូវតែបញ្ឈប់ ហើយខ្ញុំកំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ឈប់សង្គ្រាមនេះ»។
សូមជម្រាបថា លោក Trump បានប្តេជ្ញានៅលើផ្លូវនៃយុទ្ធនាការដើម្បីបញ្ចប់ជម្លោះក្នុងរយៈពេលមួយថ្ងៃនៃការចូលកាន់តំណែងរបស់លោក ទោះបីជាលោកបានទទួលស្គាល់ថា ការធ្វើបែបនេះប្រហែលជា “ពិបាកជាង” ដែលលោកបានគិតពីមុនមក។ លោក Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានជួបជាមួយ Zelensky នៅទីក្រុងប៉ារីសកាលពីដើមខែនេះ ហើយបាននិយាយភ្លាមៗបន្ទាប់ពីការបោះឆ្នោតកាលពីខែមុនថា លោកទំនងជានឹងនិយាយទៅកាន់លោកពូទីននាពេលខាងមុខ៕
ប្រែសម្រួលៈ ណៃ តុលា