ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ស្តីទីកូរ៉េខាងត្បូង ទាមទារឱ្យសភា ពិចារណាឡើងវិញ នូវសេចក្តីព្រាងច្បាប់ ចំនួន៦ ដែលអនុម័តដោយក្រុមប្រឆាំង

Yonhap News

សេអ៊ូល ៖ ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង លោក Han Duck-soo បានទាមទារឱ្យរដ្ឋសភា ពិចារណាឡើងវិញ នូវសេចក្តីព្រាងច្បាប់ចំនួន៦ ដែលបានអនុម័តដោយគណបក្ស ប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់ របស់ប្រទេស នេះបើយោងតាការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។

ចលនាទាមទារឱ្យមានការពិចារណាឡើងវិញ នូវសេចក្តីព្រាងច្បាប់កសិកម្មចំនួន៦ និងសកម្មភាពពាក់ព័ន្ធនឹងសភាចំនួនពីរ ដែលបានអនុម័តដោយគណបក្សប្រឆាំងកាលពីខែមុនត្រូ វបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី វិសាមញ្ញក្រោមអធិបតីភាពលោក Han នៅមុនថ្ងៃនោះ។

លោក Han ត្រូវបានគេរំពឹងថា នឹងគាំទ្រចំពោះចលនា ដែលនឹងកត់សម្គាល់ការប្រើប្រាស់អំណាចប្រធានាធិបតី ជាលើកដំបូងចាប់តាំងពីការឡើងកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្ន បន្ទាប់ពីប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ និងព្យួរពីតំណែងជុំវិញការប្រកាសច្បាប់ អាជ្ញាសឹក ដែលបរាជ័យ។

ច្បាប់សំខាន់ៗមួយ គឺច្បាប់គ្រប់គ្រងគ្រាប់ធញ្ញជាតិ ដែលកំណត់ឱ្យរដ្ឋាភិបាល ទិញអង្ករលើសកំណត់ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងអំឡុងពេលមានការប្រែប្រួលទីផ្សារ។ ច្បាប់ស្រដៀងគ្នានេះ ត្រូវបានវេតូ ដោយលោក Yoon ក្នុងខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានលុបចោល ជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោតឡើងវិញ។

សេចក្តីព្រាងច្បាប់ផ្សេងទៀតរួមមាន ច្បាប់រដ្ឋសភា ដែលមានបំណងទប់ស្កាត់ ការដាក់ស្នើថវិការដ្ឋាភិបាលដោយស្វ័យប្រវត្តិទៅសម័យប្រជុំពេញអង្គបន្ទាប់ពីកាលបរិច្ឆេទកំណត់ផ្លូវច្បាប់ និងច្បាប់វាយតម្លៃសក្ខីកម្មរបស់រដ្ឋសភា ដែលតម្រូវឱ្យក្រុមហ៊ុនបញ្ជូនទិន្នន័យ ដែលបានស្នើសុំទៅសមាជិកសភា។

រដ្ឋាភិបាល និងគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច បានជំទាស់នឹងសេចក្តីព្រាងច្បាប់នេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីបន្ទុកហិរញ្ញវត្ថុនៃការទិញអង្ករជាកាតព្វកិច្ច និងហានិភ័យ ដែលអាចកើតមាននៃការលេចធ្លាយទិន្នន័យ ពាណិជ្ជកម្មក្នុងអំឡុងពេលផ្តល់សក្ខីកម្មរបស់សភា។ ផ្ទុយទៅវិញ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង ដ៏សំខាន់បានជំរុញឲ្យមេដឹកនាំបណ្ដោះអាសន្ននេះអនុវត្តការអត់ធ្មត់ និងរក្សាស្ថានភាពដដែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top