ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារព្យុះស៊ីក្លូន Chido វាយប្រហារទៅលើប្រទេស ម៉ូហ្សាំប៊ឺក កើនឡើងដល់៧៣នាក់ហើយ

AFP

MAPUTO ៖ យោងតាមទីភ្នាក់ងារសង្គ្រោះ គ្រោះមហន្តរាយរបស់ប្រទេស Mozambique បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido នៅក្នុងប្រទេសបានកើនឡើងដល់៧៣នាក់ ហើយ និងចំនួន៥៤៣នាក់ ត្រូវបានគេរាយការណ៍មកថា បានរងរបួស ។

ព្យុះស៊ីក្លូនខាងលើបានវាយប្រហារមកលើខេត្ត Cabo Delgado និង Nampula ដោយបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទៀតផង ។

រដ្ឋាភិបាលបានបើកមជ្ឈមណ្ឌលស្នាក់នៅ សង្គ្រោះបន្ទាន់ចំនួន២កន្លែង ដែលបច្ចុប្បន្នកំពុងស្នាក់នៅនោះមានមនុស្សចំនួន១.៣៤៩នាក់ដែលត្រូវការជំនួយជាបន្ទាន់ នេះបើយោងតាមរបាយការណ៍ ដែលចេញ ដោយវិទ្យាស្ថានជាតិសម្រាប់ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហៅកាត់ថា (INGD)បានឲ្យដឹងដូច្នេះ ។

ការកែសម្រួលថ្មីនេះបានធ្វើឡើង តាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Mozambican លោក Filipe Nyusi កាលពីថ្ងៃពុធ ដោយរដ្ឋាភិបាលបានសន្យាគាំទ្រ ដល់ជនរងគ្រោះដោយសារព្យុះស៊ីក្លូននេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top