កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋាន ច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើត បរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ខេត្តកំពង់ចាម ជាខេត្តគោលដៅមួយ ក្នុងចំណោមខេត្តគោលដៅទាំង២១ ត្រូវបានចាត់តាំងអនុវត្តបទបញ្ជាលេខ ០១បប ចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានអនុវត្តនៅលើស្រុកគោលដៅចំនួន ០៥ស្រុក គឺស្រុកស្ទឹងត្រង់ ស្រុកតំបែរ, ស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ និងស្រុកមេមត់ ដោយមានក្រុមការងារចូលរួម ២០ក្រុម ស្មើនឹងចំនួនមនុស្ស ២៥៣ នាក់ ក្នុងនោះស្រ្តីមានចំនួន ៤៦នាក់ ដែលរួមមាន៖ យុវជនស្ម័គ្រចិត្តសម្តេចតេជោ មាន១០ក្រុម ស្មើនឹង១២០នាក់ (ស្រី ៣១នាក់) មន្រ្តីបច្ចេកទេស មាន ១០ក្រុម ស្មើនឹង ១០០នាក់ (ស្រី ១៥នាក់) គ្រូពេទ្យ មាន ១៦នាក់ និងអ្នកបើកបររថយន្ត មាន១៧នាក់ ។
និងបានសម្រេចលទ្ធផលដូចខាងក្រោម៖
-ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២០ឃុំ ស្មើនឹង ១០៥ភូមិ ក្នុងនោះ ស្រុកស្ទឹងត្រង់ មានឃុំចំនួន ៦ ស្មើនឹង២៨ភូមិ
-បំពេញសាលប័ត្រ បានចំនួន ៧០.៣២៧ ក្បាលដី
-វាស់វែងក្បាលដី បានចំនួន ៧០.៣២៧ ក្បាលដី
-គូរនិងបញ្ជូលទិន្នន័យ បានចំនួន ៦៩.៦១៥ក្បាលដី
-បិទផ្សាយជាសាធារណៈ បានចំនួន ៦៩.៦១៥ ក្បាលដី មានទំហំ ១០២.២១៣,៦១ ហិកតា ស្មើនឹង៣៨.១៤៥គ្រួសារ
-ចែកបណ្ណ បានចំនួន ៦៦.៩៩៩ ក្បាលដី មានទំហំ ៩១.៨៣៤,១៧ ហិកតា ស្មើនឹង ៣៥.៩៧៦គ្រួសារ៕