កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងតែងតែចោទរាជរដ្ឋាភិបាលប្លន់ដីប្រជាពលរដ្ឋ ប៉ុន្ដែពួកគេមិនដែលលើកឡើងរឿងរាជរដ្ឋាភិបាលចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋម៉ឺនក្បាលដីឡើយ។
នាឱកាសអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល អាណត្តិថ្មី មិនមានអ្វីក្រៅពីការប្ដេជ្ញាចិត្ត នឹងបន្ដខិតខំធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋ នឹងផ្ដល់ផលឱ្យកាន់តែច្រើនជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សម្តេចបវរធិបតី មានប្រសាសន៍ថា «គេតែងតែលើចំណុចអវិជ្ជាមាន គេតែគិតថា រដ្ឋាភិបាល ធ្វើបាបតែប្រជាជន ប្លន់ដីធ្លី ប្រជាជន ប៉ុន្ដែគេមិនបានយក ទទួលស្គាល់ យើងចុះចែកបណ្ណរាប់ម៉ឺន រាប់សែនក្បាលដី ដីរាប់លានហិកតា ឱ្យប្រជាពលរដ្ឋ។ ប៉ុន្ដែអ្វីសំខាន់ អ្នកណា ថាអី ថា ចុះ សំខាន់ប្រជាពលរដ្ឋបានទទួលផលជាក់ស្ដែង ប្រជាពលរដ្ឋផ្ដល់ផលជាក់ស្ដែង»។
ទន្ទឹងនឹងនេះ សម្តេចបវរធិបតី បានឱ្យដឹងថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើកំណែទម្រង់លើវិស័យដីធ្លីបន្ថែមទៀត តាមរយៈការវាស់វែងដីធ្លី ចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ចប់ទំនាស់ដីធ្លី។
សម្តេចបវរធិបតី បញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាធានាបានកម្មសិទ្ធិកាន់កាប់ដីធ្លីមានលក្ខណៈយូរអង្វែង តជំនាន់ផងដែរ៕