ព័ត៌មានជាតិ

សាស្ត្រាចារ្យឈាង រ៉ា លើកទឹកចិត្តដល់មន្រ្តីរាជការ ឱ្យយកឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននាថ្ងៃ២០ ធ្នូបានលើកទឹកចិត្ត ដល់មន្រ្តីរាជការថា ត្រូវធ្វើយ៉ាងណាយកឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ ។

ក្នុងឱកាសចុះពិនិត្យនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវបង្កើនការផ្សព្វផ្សាយ ពីការយល់ដឹងជំងឺរបេង ហើយដោយត្រូវពង្រឹងអង្គភាព ឱ្យក្លាយជាមជ្ឈមណ្ឌល ឯកទេសសួតនាពេលអនាគត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់មន្រ្តីរាជការ ដែលចូលរួមយ៉ាងសស្រាក់សស្រាំង ក្នុងអំឡុង នៃការរីករាលដាល ជំងឺកូវីដ-១៩ នៅកម្ពុជា និងបានលើកទឹកចិត្ត ដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវយល់ថាការប្រយុទ្ធ នឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ។ ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ជាពិសេសជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃសកលលោក ។

នាឱកាសជួបសំណេះសំណាលនោះ សាស្ត្រាចារ្យបានរំលឹកដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រី ចូលរួមថែរក្សា អនាម័យឱ្យបានល្អ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវចូលរួមថែរក្សាប្រើប្រាស់ឱ្យបានយូអង្វែង និងហេដ្ឋារចនាសម្ព័ន្ធអគារ មានស្ថានភាពចាស់ តែត្រូវកែលម្អលាបថ្នាំ ជួសជុលក្នុងការប្រើប្រាស់ ឱ្យបានកាន់តែល្អប្រសើរ ។ ក្នុងនោះចំពោះឱសថសារវន្ត ត្រូវថែរក្សា ទុកដាក់ តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងជាពិសេសឱសថជំងឺរបេង ធានាការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនោះ ត្រូវយកចិត្តទុកដាក់ លើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកស្អាត ត្រូវឈរលើគោលការណ៍សន្សំសំចៃ និងត្រូវតាមដាន សិក្សាស្វែងយល់ជាប្រចាំ ករណីមានការកើនឡើង។

រដ្ឋមន្រ្តី ក៏បានណែនាំឱ្យពិនិត្យ និងរំលឹកពីការដឹកនាំជំនាន់មុន ដែលមានស្នាដៃល្អ ដោយត្រូវយកធ្វើជាគំរូ ធ្វើឱ្យបានល្អ ឬកាន់តែល្អជាងមុន៕

To Top