ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យខិតខំរួមគ្នា ធ្វើឱ្យប្រទេសកម្ពុជា ដើរឱ្យទាន់ប្រទេសជិតខាង ហើយត្រៀមនឹងវ៉ាគេ នាពេលអនាគត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា បើនៅ​អង្គុយសោកស្តាយ តែ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រ ដែលបានបាត់បង់ និងបានដើរក្រោយប្រទេស ជិតខាងក៏ដោយ តែត្រូវតែខំប្រឹង ដើម្បីឱ្យតាមទាន់គេ ហើយនឹងវ៉ាគេ នៅពេលអនាគត ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ នៅព្រឹទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ សិស្សានុសិស្សគ្រប់រូប ដែលជាធនធានរបស់សង្គមជាតិ ត្រូវតែមានទស្សនវិជ្ចាមាន សម្រាប់ខ្លួនឯង និងទស្សនវិជ្ជមាន សម្រាប់ជាតិ បើទោះបីប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមាន និងតែងតែជួបបញ្ហា តែត្រូវផ្តោតលើសក្កានុពលដែលមាន ហើយត្រូវខិតខំជំរុញប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ។

ក្នុងនោះសម្តេចធិបតី បានណែនាំ មិនត្រូវឱ្យនៅសោកស្តាយ នូវអ្វីដែលបានបាត់បង់ ក្នុងអតីតកាលដែលប្រវត្តសាស្ត្រខ្មែរ ជាង៥០០ឆ្នាំបានកើតឡើងនោះទេ ពោលគ្មានប្រទេសណា ដែលមិនធ្លាប់ជួបបញ្ហានោះទេ នៅលើពិភពលោកនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដោយសារយើងទទួលស្គាល់ នូវតថភាពសោកសៅរបស់យើង ហើយយើងខំប្រឹង ធ្វើយ៉ាងណា ជាមូលដ្ឋានកាន់តែរឹងមាំ​ ។ យើងដើរក្រោយប្រទេសជិតខាង តែយើងត្រូវតែខំប្រឹង ដើម្បីឱ្យតាមទាន់គេ ហើយនឹងវ៉ាគេ នៅខាងមុខ” ។

បន្ថែមលើនេះ ស​ម្តេចធិបតី បានចាត់ទុកថា សិស្សានុសិស្សទាំងអស់ មិនថាអ្នកជាប់និទ្ទេសA ឬនិទ្ទេសផ្សេងៗ ឬមិនជាប់នោះទេ សុទ្ធតែជាធនធានរបស់ជាតិ និងបានណែនាំឱ្យពង្រឹងខ្លួនឯងបន្ថែម ពង្រឹងដល់គ្រួសារ ជាពិសេសពង្រឹងដល់សង្គមជាតិ ។

សម្តេចធិបតី មានប្រសាសន៍ បន្ថែមថា “មានតែកូនខ្មែរទាំងអស់គ្នា ទប់កុំឱ្យវាយគ្នា៥០០ឆ្នាំឡើងវិញ កុំឱ្យរញ៉េរញ៉ៃឡើងវិញ តែត្រូវធ្វើយ៉ាងណាឱ្យសុខដុមរនាកម្ម ហើលបង្កើនឱកាសកាន់តែច្រើន រួមគ្នាកសាងជាតិយើង ទុកឱ្យជំនាន់កូនចៅល្អជាងយើង”៕

To Top