ភ្នំពេញ ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨ បានដាក់ចេញ ក្នុងនោះមានមុំយុទ្ធសាស្រ្ត «ភាពបៃតង» ដែលកន្លងមកនេះ ក្រសួងបរិស្ថាន បានបើកយុទ្ធនាការទូទាំងប្រទេសបណ្តុះចែក និងដាំកូនឈើ កូនត្នោតយ៉ាងតិច ១លានដើម។
ក្រសួងបរិស្ថាន បានបណ្តុះចែក និងដាំកូនឈើ/កូនត្នោត ក្រោមមូលបទ «ពន្លកបៃតង» បានចំនួន ១,៣ លានដើម។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន រាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះ កូនឈើគ្រប់ប្រភេទបន្ថែមទៀតបានជិត ១លានដើម និងបានចែកជូនសាធារណៈជន ដោយឥតគិតថ្ងៃ បានប្រមាណ៣០ម៉ឺនដើមរួចមកហើយ។ ទន្ទឹមនឹងនោះមន្ទីរបរិស្ថាន រាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះកូននត្នោត បានជាង១លានដើម។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក «សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានគ្រោងនឹងរៀបចំពិធីចែកកូនឈើនិងកូនត្នោតទាំងនោះ រួមជាមួយអំណោយកូនត្នោត បន្ថែមរបស់ឯកឧត្តមផ្ទាល់ សរុបប្រមាណ៣លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា ក្រសូងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ នៅខេត្តត្បូងឃុំ ទំហំ៣ហិកតា ខេត្តមណ្ឌលគិរី ចំនួន ១០ហិកតា ខេត្តសៀមរាបចំនួន ១០ហិកតា ខេត្តកំពង់ស្ពឺមានផ្ទៃដីចំនួន ២០ហិកតា និងងខេត្តកោះកុងទំហំ ៣ហិកតា។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា ដើម្បីពង្រឹងការថែរក្សា ការពារ និងអភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះ ក្នុងតំបន់ការពារធម្មជាតិ ឱ្យបានស្រស់បំព្រង ក្រសួងបរិស្ថាន បន្តពង្រឹងសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយបញ្ជាការកងឯកភាព ក្រុង ស្រុក និងខេត្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ គណៈមេធាវី ក្រសួងយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ លើសពីនេះ ក្រសួងបរិស្ថាន នឹងបង្កើននូវគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដោយបានលើកកម្ពស់ចំណេះដឹង ដល់ប្រជាសហគមន៍ អំពីរបរចិញ្ចឹមជីវិត និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ៕