ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់បន្ថែមលើការបង្ក្រាបក្មេងទំនើង ទៅអប់រំក្នុងពន្ធនាគារ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាល មិនចង់ប្រើប្រាស់ច្បាប់មកអនុវត្តឡើយ តែដោយសារគ្មានជម្រើស និងដើម្បីសង្គមជាតិ ត្រូវតែចាប់ឱ្យអស់ មិនត្រូវឱ្យមានសកម្មភាពក្មេងទំនើប ចេញមកអុកឡុកក្នុងសង្គមឡើយ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែ មានប្រសាសន៍ថា “យើងមិនចង់អនុវត្តច្បាប់ទេ ក្រុមក្មេងទំនើង ថ្ងៃមុនខ្ញុំសួរ យើងដាក់ក្នុងយុទ្ធនាការ ដូចនៅក្នុងពន្ធនាគារ ដូចជាង២០០នាក់ ។ អត់ទាន់លែង ព្រោះខ្ញុំអត់អោយ ត្រូវអប់រំ មែនចាប់លែងៗ ព្រោះអ្នកឯងធ្វើបាបខ្លួនឯង ធ្វើបាបឪពុកម្តាយ ធ្វើបាបគេនាំឱ្យគេខូចទៀត តែប៉ុណ្ណឹងហើយ នៅមានចេញមកទៀត ខ្ញុំដាក់អភិបាលខេត្តទាំងអស់ ស្នងការខេត្តទាំងអស់ រាជធានី ធ្វើមិចចេញមកបង្ក្រាបៗ ទាល់តែអស់តែម្តង ទុកអ្នកដែលធ្វើការល្អ នៅព្រៀតក្នុងសង្គមនឹងទៅ” ។
ក្នុងនោះសម្តេចធិបតី ក៏បានណែនាំដល់សិស្សានុសិស្ស និងណាព្យាបាល មានមាតាបីតាសិស្ស ឬយុវជនទាំងអស់ ត្រូវពិនិត្យតាមដានកូនៗរបស់ខ្លួន កុំឱ្យក្លាយជាក្មេងទំនើង ព្រោះរាជរដ្ឋាភិបាល គ្មានបំណងចង់អនុវត្តច្បាប់ ទៅលើយុវជនក្មេងទំនើងនោះទេ តែដោយសារគ្មានជម្រើស ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “យើងគ្មានបំណងធ្វើបែបនេះទេ ការដាក់អនុវត្តច្បាប់យើងគ្មានជម្រើស ព្រោះធ្វើឱ្យខូចអនាគតក្មួយផង ប៉ុន្តែបើយើងមិនធ្វើគាត់នៅតែខូច ចឹងយល់ល្អកែល្អ កែខ្លួនឯងទៅ រួមគ្នាឪពុកម្តាយ សាលា រួមគ្នាកែក្មួយៗឱ្យទាន់ពេល” ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ការចាតិវិធានការឱ្យ បានម៉ឺងម៉ាត់ លើក្មេងទំនើង ឈរលើគោលដៅ ៤ចំណុច៖ ១. ជួយតម្រង់ទិសឱ្យក្មួយល្អ, ២. ជួយការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ក្មួយ ទាំងអ្នកបង្ក និងអ្នករងគ្រោះ, ៣. ជួយការពារឪពុកម្តាយ និងក្រុមគ្រួសារ កុំខ្លោចផ្សាចិត្ត និងទី៤. ជួយសង្គម និងប្រជាជន ឱ្យរស់នៅដោយគ្មានភាពភ័យខ្លាច៕