ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចប់ អាណត្តិ​ឥណ្ឌា បង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់

ភ្នំពេញ៖ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋឥណ្ឌា​ បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត ។

ខាងលើនេះ ជាការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិឥណ្ឌា​ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងជំនួបខាងលើនេះ លោកស្រីបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ចំពោះលោកស្រី និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យ បេសកកម្មការទូតរបស់លោកស្រី ទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងរឹងមាំថែមទៀត។

តាមរយៈភាពរីកចម្រើន​ នៃទំនាក់ទំនងល្អប្រសើរនេះ លោកស្រីបណ្ឌិត Devyani Khobragade បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែក យ៉ាងសំខាន់ របស់លោកស្រីបណ្ឌិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។

សម្ដេចបវរធិបតី និងលោកស្រីបណ្ឌិត ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសក្ដានុពល ជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចថ្នាក់នាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខនិងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និងការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរផងដែរ៕

To Top