ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែមានការព្រួយបារម្ភខ្លាំង ចំពោះការរីករាលដាល នៃជំងឺកូវីដ១៩នោះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចឯកភាពគ្នា បង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងដើម្បីគៀរគរ ធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាត ឧបករណ៍វេជ្ជសាស្រ្ត ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ សម្រាប់ប្រឆំាងនឹងជម្ងឺកូវីដ១៩ និងប្រើប្រាស់សម្រាប់ការឆ្លើយតបទៅ នឹងស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត ។
ដោយសង្កេតឃើញថា នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសកំពុងតែសកម្មក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនោះ រដ្ឋមន្ត្រីមន្ត្រីការបរទេសអាស៊ាន បានឯកភាពគ្នាបង្កើតមូលនិធិនេះឡើង ដើម្បីជាការរួមចំណែក ជួយដោះបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ មេសា បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានចូលរួមក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២៥ តាមរយៈប្រព័ន្ធវីដេអូ ។ នៅក្នុងកិច្ចប្រជុំនេះលោកបានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសសមាជិកអាស៊ាន លើវិធានការឆ្លើយតបរួមគ្នា ទៅនឹងការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូរូណា ឆ្នាំ២០១៩ ហៅកាត់ថា កូវីដ១៩។
ក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការជំរុញបន្ថែមទៀតនូវវិធានការរួមគ្នា ដើម្បីដោះស្រាយនឹងជម្ងឺកូវីដ១៩ និងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីវីរុសនេះ ជាពិសេសផលប៉ះពាល់ទៅលើដំណើរការ នៃការកសាងសហគមន៍អាស៊ាន តាមរយៈ ការលើកកម្ពស់ការសម្របសម្រួល គោលនយោបាយ ការចែករំលែកនូវ បទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក៏ដូចជាពិនិត្យលទ្ធភាព ក្នុងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមក រវាងប្រទេសសមាជិកអាស៊ាន។
ប្រកាសបញ្ជាក់ថា «រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពបង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបនឹងជម្ងឺកូវីដ១៩ ក្នុងគោលបំណងដើម្បីគៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាត ឧបករណ៍វេជ្ជសាស្រ្ត ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ សម្រាប់ប្រឆំាងនឹងជម្ងឺកូវីដ១៩ និងប្រើប្រាស់សម្រាប់ការឆ្លើយតបទៅនឹង ស្ថានភាពបន្ទាន់នានាក្នុងពេលអនាគត។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការធានាឱ្យបាននូវសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការបើកចំហរទីផ្សារ ព្រមទាំងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់លើសេដ្ឋកិច្ចតំបន់ និងសាកលលោក ព្រមទាំងស្តារឡើងវិញនូវទំនុកចិត្តរបស់អតិថិជន និងសហគមន៍ធុរកិច្ច និងដើម្បីរក្សាឱ្យបាននូវស្ថិរភាពសង្គម-វប្បធម៌» ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានទទួលស្គាល់នូវសារៈសំខាន់ នៃកិច្ចសហការប្រកបដោយ
ភាពស្ថាបនា ជាមួយប្រទេសដៃគូខាងក្រៅ រួមទាំងដៃគូសន្ទនាអាស៊ាន និងស្ថាប័នអន្តរជាតិ ដើម្បីពង្រីកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការប្រយុទ្ធប្រឆាំងជាសាកល ទៅនឹងជម្ងឺកូវីដ១៩។
ក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនអង្គប្រជុំនូវ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់វីរុសកូវីដ១៩ និងកាត់បន្ថយបញ្ហាប្រឈម ខាងផ្នែកសេដ្ឋកិច្ច និងសង្គម និងបានអះអាងសាជាថ្មីនូវការប្តេជ្ញា យ៉ាងមុតមាំដើម្បីធ្វើការយ៉ាង ជិតស្និទ្ធជាមួយអាស៊ាន ដែលនេះជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែងជាសាកល ប្រឆាំងនឹងជម្ងឺឆ្លងនេះ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើនូវអាទិភាពដែលអាស៊ាន គួរផ្តោតជាសំខាន់មួយចំនួន ដូចខាងក្រោម៖
-ជំរុញការធ្វើកិច្ចសហប្រតិបត្តិការតំបន់ លើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតបដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់នានា ដែលបណ្តាលមកពីវីរុសកូវីដ១៩ តាមរយៈការលើកកម្ពស់ការសម្របសម្រួល គោលនយោបាយរវាងប្រទេសសមាជិកអាស៊ាន។
-ធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាព ក្នុងការដោះស្រាយជម្ងឺរាតត្បាតតាមរយៈការផ្លាស់ប្តូរជំនាញបច្ចេកទេស និងបទពិសោធន៍នានា ធ្វើការចែករំលែកឧត្តម្មានុវត្តន៍នៃវិធីសាស្រ្តព្យាបាល និងការធ្វើតេស្តស្វែងរករោគសញ្ញា និងការពិនិត្យលទ្ធភាពឱ្យមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា នូវឱសថ និងវ៉ាក់សាំងសម្រាប់ប្រឆាំងនឹងជម្ងឺនេះ។
-បន្តផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានា ដល់ប្រជាពលរដ្ឋអាស៊ាន ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងការលំបាក ដែលបណ្តាលមកពីការដាក់កម្រិតការធ្វើដំណើរ ការបិទរោងចក្រ និងព្រំដែនបណ្តោះអាសន្ន ព្រមទាំងប្រជាពលរដ្ឋអាស៊ាន ដែលពុំអាចស្វែងរកជំនួយ និងការគំាទ្រខាងផ្នែកកុងស៊ុល ពីបណ្តាស្ថានតំណាងនៃប្រទេសខ្លួន ប្រចាំនៅប្រទេសទី៣។
-លើកកម្ពស់ការពិគ្រោះយោបល់ឱ្យកាន់តែជិតស្និទ្ធ ដើម្បីកាត់បន្ថយឱ្យបានជាអប្បបរិមានូវឧបសគ្គនានាចំពោះសង្វាក់នៃសកម្មភាពពាណិជ្ជកម្ម និងការផ្គត់ផ្គង់ទំនិញក្នុងតំបន់ តាមរយៈការបន្តបើកចំហរនូវទីផ្សារអាស៊ាន ដើម្បីធានាឱ្យបាននូវលំហូរនៃការផ្គត់ផ្គត់ទំនិញចាំបាច់នានា ជាពិសេសស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្រ្ត។
-ធ្វើការដោយជិតស្និទ្ធ និងទាន់ពេលវេលាជាមួយនឹងបណ្តាប្រទេសដៃគូសន្ទនាអាស៊ាន និងអង្គការអន្តរជាតិ ព្រមទាំងធនាគារអភិវឌ្ឍន៍ទាំងថ្នាក់តំបន់ និងពហុភាគី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមមិនត្រឹមតែផ្នែកសុខាភិបាលសាធារណៈនេះ ក៏ដូចជាដើម្បីដាក់ចេញនូវវិធានការ
ជាកញ្ចប់ហិរញ្ញវត្ថុ ដែលអាចប្រើប្រាស់បានភ្លាមៗ ប្រកបដោយភាពរឹងមាំ ច្បាស់លាស់ និងប្រសិទ្ធភាព ដើម្បីដោះស្រាយនូវផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។
កិច្ចប្រជុំបានបញ្ចប់ដោយ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានមានប្រសាសន៍បង្ហាញអំពីសាមគ្គីភាព ជាភាសាជាតិរៀងៗខ្លួន ដែលមានអត្ថន័យថា “យើងរួបរួមគ្នា ជាមួយនឹងប្រទេសសមាជិក អាស៊ានទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩” ។ ប្រមុខការទូតអាស៊ានសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីជម្ងឺកូវីដ១៩ និងកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេសស្តីពីជម្ងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ នឹងប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ៕