កំពង់ធំ: លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ បានថ្លែងថា ដើម្បីបង្កើនការចុះផលិតព័ត៌មាន ឱ្យបានច្រើនយកផ្សព្វផ្សាយ តាមវិទ្យុ វិទ្យុបណ្ដាញ ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។
នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន-អនុប្រធាន ការិយាល័យទាំង៥ មន្ត្រីក្របខ័ណ្ឌ និងមន្ត្រីកិច្ចសន្យា ដើម្បីក្តាប់ឱ្យបានពីរបាយការណ៍ ស្ដីពីវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ របស់មន្ទីរព័ត៌មាន ខេត្តកំពង់ធំ។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកយករបៀបវារៈមួយចំនួនមានដូចខាងក្រោម÷១. ការគោរពទង់ជាតិ ពេលព្រឹកនៅថ្ងៃចន្ទ និងគោរពពេលវេលាម៉ោងធ្វើការ ។ ២. ទិសដៅការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ។ ៣.របាយការណ៍ព័ត៌មាន ក្រុមសាធារណៈមតិ៤.វិភាគមុខងារ ៥.ផ្សេងៗ។
លោកស្រី ង៉ែត ណារីន បានលើកឡើងថា មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដំណើរការចុះយកព័ត៌មាន ថតរូបភាពយក មកតែងនិពន្ធ ចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ថិតអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយតាមបណ្តាញវិទ្យុ FM ទូរទស្សន៍ជាតិរាជធានីខេត្ត ទូរទស្សន៍ខ្សែកាបឯកជន នៅក្នុងរាជធានីខេត្តរបស់ខ្លួន និងបាន បញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពមកទូរទស្សន៍ជាតិកម្ពុជា និងឯកជន នៅរាជធានីភ្នំពេញ អោយ ជួយផ្សព្វផ្សាយផងដែរ ។
លោកស្រីប្រធានមន្ទីរ ព័ត៌មានខេត្តកំពង់ធំ បានបន្តទៀតថា ទន្ទឹមនេះ មន្ត្រីមន្ទីរព័ត៌មានខេត្ត ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាក់ផ្សាយ ពីទូរទស្សន៍ជាតិកម្ពុជាជាប្រចាំ តាមរយៈវិទ្យុ ទូរទស្សន៍ នៅក្នុងខេត្ត នូវ រាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗ ស្តីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ និងសកម្មភាព ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានរាយការណ៍នូវព័ត៌មានប្លែកៗ ទាន់ហេតុ ការណ៍ និងព្រឹត្តិការណ៍ដែលកើតមាន ក្នុងមូលដ្ឋានរបស់ខ្លួន មកក្រសួងបានទាន់ពេលវេលា និងធ្វើការត្រួតពិនិត្យជាប្រចាំ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងរាជធានីខេត្តផងដែរ ។ មន្ទីរព័ត៌មានខេត្ត ជាសេនាធិការ របស់ក្រសួងព័ត៌មាន ដែលបំពេញតួនាទីទ្រទ្រង់ផ្នែក បច្ចេកទេស និងវិស័យព័ត៌មាន សម្រាប់ការងារព័ត៌មាន នៅថ្នាក់ក្រោមជាតិ ។
សូមបញ្ជាក់ផងដែរថា ទិសដៅសម្រាប់ អនុវត្តបន្តក្នុងឆ្នាំ ២០២៥គឺ បង្កើនការ ចុះផលិតព័ត៌មាន ឲ្យបានច្រើន ដើម្បីផ្សព្វផ្សាយ តាមវិទ្យុ ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា ។ បង្កើនការផ្សព្វផ្សាយ ដល់អ្នកសារព័ត៌មាន ឱ្យមកធ្វើការចុះបញ្ជី អោយបានគ្រប់ៗគ្នា បន្តតាមដាន ការចុះផ្សាយ និងបន្សាបព័ត៌មាន ក្លែងក្លាយទាំងឡាយ តាមគ្រប់មធ្យោបាយ ដែលបង្កឱ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ ដល់សង្គមជាតិ បង្កើតកម្មវិធីផ្សាយផ្ទាល់ព័ត៌មានថ្មីៗ តាមផេកវិទ្យុ និងទូរទស្សន៍ខេត្តកំពង់ធំ ៕ ដោយសំនៀង