ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យខិតខំប្រកាន់ខ្ជាប់នូវបី ”ពេញ”

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានស្នើឲ្យខិតខំប្រកាន់ខ្ជាប់នូវបី ”ពេញ” (១)ពេញ ជាសមត្ថភាពការងារ (២)ពេញម៉ោងការងារ និង(៣)ពេញនៃការទទួលខុសត្រូវ ក្នុងការបំពេញការងារ។
ការស្នើរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៤,២៥៣ នាក់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (Performance) របស់បុគ្គល ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយប្រើប្រាស់ ព័ត៌មានត្រឡប់ ដើម្បីឱ្យបុគ្គលអាចកែប្រែ ឬអភិវឌ្ឍន៍ខ្លួន ឱ្យទទួលបានលទ្ធផលពេញលេញ ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានលើកយកភាពខុសគ្នារវាង Mentoring (ចង្អុលបង្ហាញ) និង Coaching (បង្ហាត់បង្ហាញ)។

នាវេលាបណ្តុះបណ្តាលនេះ សាស្រ្តាចារ្យ បានឆ្លៀតយកឱកាសមុនដំណាច់ ឆ្នាំ២០២៤នេះ ប្រកាសទទួលស្គាល់ការ ខិតខំប្រឹងប្រែង របស់មន្រ្តីសុខាភិបាលទាំងអស់ ជាពិសេសក្នុងឆ្នាំ២០២៤ ដោយបានបង្ហាញនូវការឯកភាពក្នុងវិស័យ និងការចុះសម្រុងគ្នាក្នុងការខិតខំកែរ លំអសេវាសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតំរូវការ របស់ប្រជាជន ក៍ដូចជាការលើកកំពស់តម្លៃ របស់វិជ្ជាជីវៈសុខាភិបាល។

ដោយមានការអនុញ្ញាតពីសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការធ្វើ PDIA សម្រាប់ការដោះស្រាយភាព មិនពេញចិត្ត របស់អតិថិជន លើការរងចាំទទួលសេវា នៅមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់៕

To Top