ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរ យានយន្តធុនធ្ងន់ ក្នុងពេលប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពេលប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ធ្នូនេះ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នឹងមានការរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ វេលាម៉ោង ០៧:៣០នាទី និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៤:០០នាទី ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្ត ធុនធ្ងន់គ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី ។

ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕

To Top