ព័ត៌មានជាតិ

រដ្ខបាលខេត្តពោធិ៍សាត់​ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាក ការបង្កបង្កើនផលស្រូវ នៅរដូវប្រាំង លើកទី ២

ពោធិ៍សាត់÷ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ បានបញ្ជាក់ថា យោងតាមផែនការ សក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារ បង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ ២០២៤​-២០២៥របស់មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹក ជូនប្រជាកសិករក្នុងឆ្នាំ ២០២៥នេះ បានត្រឹមតែ ២០,០០០ ហិកតាតែប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមក របស់ថ្នាក់ដឹកនាំខេត្ត និង ការវាយតម្លៃ របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ការបង្កបង្កើនផល របស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់ ៥៨,៧៧០ ហិកតា លើសផែនការការប្រើប្រាស់ទឹកជាច្រើន ។

ក្នុងន័យនេះ រដ្ឋបាលខេត្តពោធិ៍សាត់សូមជូនដំណឹងដល់បងប្អូន ប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផល ស្រូវរដូវប្រាំងឆ្នាំ ២០២៥ ដូចតទៅ ÷
១-សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផល ដំណាំស្រូវរដូវប្រាំងលើកទី ២ ជាបណ្តោះអាសន្ន បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់ នៅក្នុងអំឡុងខែ មករា ឆ្នាំ ២០២៥ ខាងមុខនេះ ។

២-បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ ដែលគ្មានប្រភពទឹក ត្រូវត្រៀមលក្ខណះស្តុបទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុបទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់សត្វពាហនះជាដើម ។

៣-ក្នុងករណីបងប្អូនប្រជាកសិករ នៅតែអនុវត្តមិនទទួលយកការ ជូនដំណឹងរបស់រដ្ឋបាលខេត្តទេនោះ បងប្អូនប្រជាពលរដ្ឋ នឹងខាតបង់ទាំងសម្ភាសរះ ថវិកា និង ពេលវេលាជាក់ជា មិនខានឡើយ ។

៤-ករណីដែលប្រជាកសិករយើង នៅតែបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី ២ ទៀតនោះបងប្អូនអាចនឹងជួបប្រទះការខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនះជាដើម៕

To Top