ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៤ និង ផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងផលប៉ះពាល់ ស្រុតច្រាំងទន្លេ ៤៨គ្រូសារ នៅស្រុកកងមាស

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត៥ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ « រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព » និងបានផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងផលប៉ះពាល់ ដោយការបាក់ស្រុតច្រាំងទន្លេ ចំនួន ៤៨គ្រួសារផងដែរ មកពី ២ភូមិ ក្នុងឃុំសូរគង ធ្វើឡើងនៅក្នុងបរិវេណ ទីស្នាក់ការអនុសាខាស្រុកកងមាស ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់នៃការប្រារព្ធទិវានេះ គឺជាការសម្តែងនូវកត្តញ្ញូតាធម៌ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្មួយៗជាយុវជន កាកបាទក្រហមកម្ពុជា និងបងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេសការកសាងភាពធន់សហគមន៍ ការពង្រឹងកម្លាំងសកម្មនៅមូលដ្ឋាន និងការលើកកំពស់សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ ដើម្បីបុព្វហេតុមនុស្សធម៌ នៅគ្រប់ទីកន្លែង។

លោកប្រធានគណៈកម្មាធិការសាខា បានរំឭកថា សេចក្តីអំពាវនាវ របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ទាំង ៦ចំណុច ចំពោះគណ:កិត្តិយស គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ គ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងកម្លាំងស្ម័គ្រចិត្ត នៅតាមសហគមន៍មូលដ្ឋាន តាមរយ: ការលើកទឹកចិត្ត និងបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការថ្មី នៃភាពធន់សហគមន៍ ហើយផ្តល់ការជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗយុវជន ដែលជាអ្នកស្ម័គ្រចិត្តវ័យក្មេង ក្នុងការសិក្សាមុខជំនាញអោយបានច្បាស់លាស់ រួមជាមួយការលើកកំពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស អោយស្របតាមតម្រូវការការងារទីផ្សារក្នុងប្រទេសនិងសកលលោក។

ជាមួយនេះ ត្រូវរួមគ្នាប្រឆាំងអោយបានជាដាច់ខាត នូវព័ត៌មានក្លែងក្លាយបំពុលសង្គម ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ហើយពង្រឹងពង្រីកវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្តអប់រំ មិត្ត និងមិត្តជួយមិត្ត ចេះជួយសិស្ស និស្សិត យុវជន កាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាតផងដែរ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏ បានចូលរួមសម្តែងការសោកស្តាយជាពន់ពេកផងដែរ ចំពោះមហន្តរាយធម្មជាតិ ដោយការបាក់ស្រុតច្រាំងទន្លេ ដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋទាំង ៤៨គ្រួសារ ។ ទន្ទឹមនឹងនោះ លោកប្រធានសាខា ក៏បានយកឱកាសនោះ ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា មិនថា ភ្លៀង រន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ស្រុតច្រាំងនោះទេ ត្រូវរួសរាន់រកទីកន្លែងដែលធានាសុវត្ថិភាព ការពារខ្លួនជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងជីវិត។ ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់វិធានអនាម័យស្អាត ៣យ៉ាង និង ថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំង ៤៨គ្រួសារ បានទទួលការឧបត្ថម្ភក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី១កេស ត្រីខ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១សម្រាប់ និងថវិកាចំនួន ១០០,០០០រៀល ៕

To Top