ព័ត៌មានជាតិ

ស្ពានអាកាសមរតកតេជោ ជាន់ទី១ បើកឱ្យដំណើរការ បណ្តោះអាសន្នទាំងស្រុង នៅព្រឹកនេះ

ភ្នំពេញ ៖ ស្ពានអាកាសមរតកតេជោ ជាន់ទី១ បានបើកឱ្យដំណើរការជាបណ្តោះអាសន្ន ទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះបេីយោងតាមការលេីកឡេីងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស នាថ្ងៃ២៥ធ្នូនេះ បានឱ្យដឹងថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី ១ ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដេីម្បី កាត់ បន្ថយ ការ កកស្ទះ នៅ ជាន់ ផ្ទាល់ ដី និង ងាយស្រួល ដល់ ក្រុម សាងសង់ បំពេញ ការងារ របស់ ខ្លួន បាន លឿន និង អាច បញ្ចប់ គម្រោង សាងសង់ បាន ទាន់ ពេល វេលា ។

លោកស្រី អ្នកនាំពាក្យ ជឿជាក់ថា ប្រជាពលរដ្ឋ នឹងអាចធ្វេីដំណេីរ លេីស្ពានអាកាស នេះ ប្រកបដោយភាពរីករាយ និងសុវត្ថិភាព ។

សូមរំលឹកថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានធ្វេីការភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១) នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

គួរឱ្យដឹងដែរថា ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ៤ខែ ពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ខណៈក្នុងគម្រោង នៅខែសីហា ឆ្នាំ២០២៥ទេីបបបញ្ចប់ ។

សូមបញ្ជាក់ថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដែលចំណាយថវិកា ជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕

To Top