ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានថ្កោលទោសការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ ដោយបានរំលឹកឡើងវិញថា សំណួរតៃវ៉ាន់ គឺជាបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់នៅក្នុង ទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អំពីការប្រកាសថ្មីៗនេះរបស់សហរដ្ឋអាមេរិកអំពីជំនួយយោធា និងការលក់អាវុធដល់តំបន់តៃវ៉ាន់។
សេតវិមានកាលពីថ្ងៃទី២១ ខែធ្នូ បានប្រកាសជំនួយយោធាដែលមានតម្លៃ ៥៧១,៣ លានដុល្លារអាមេរិកដល់កោះតៃវ៉ាន់។ ក្រសួងការពារជាតិអាមេរិក បានប្រកាសនៅថ្ងៃតែមួយថា ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់អាវុធមានតម្លៃ ២៩៥ លានដុល្លារដល់កោះនេះ។ លោក Wu បានសង្កត់ធ្ងន់ថា ការលក់សព្វាវុធទាំងនេះទៅឱ្យតៃវ៉ាន់ បានរំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំង៣ ដែលជាមូលដ្ឋានគ្រឹះនយោបាយ របស់ទំនាក់ទំនងចិន-អាមេរិក។
លោកបានរិះគន់សហរដ្ឋអាមេរិក ចំពោះការរំលោភលើការប្តេជ្ញាចិត្ត នយោបាយរបស់ខ្លួនក្នុងការគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងសម្រាប់ការជំរុញតៃវ៉ាន់ឱ្យ ឈានទៅរកគ្រោះថ្នាក់នៃសង្រ្គាម។ លោកបានបន្ថែមថា “យើងបានជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់ជំនួយផ្នែកយោធា និងការលក់អាវុធទៅឱ្យតៃវ៉ាន់ជាបន្ទាន់ និងកាត់ផ្តាច់ទំនាក់ទំនងយោធារបស់ខ្លួនជាមួយតំបន់នេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា