បេរូត៖ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេស និងជនអន្តោប្រវេសន៍របស់ប្រទេសលីបង់ បានដាក់ពាក្យបណ្តឹងតាមរយៈ បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេស ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ (UNSC) ដើម្បីឆ្លើយតបទៅនឹងការបំពានម្តងហើយម្តងទៀត របស់អ៊ីស្រាអ៊ែល មកលើកិច្ចព្រមព្រៀងបទឈប់បាញ់ របស់ខ្លួនជាមួយនឹងប្រទេសលីបង់ ។
ក្រសួងការបរទេសរបស់ប្រទេសលីបង់ បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែធ្នូ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវគោក និងផ្លូវអាកាសជាង៨១៦លើកប្រឆាំងនឹងប្រទេសលីបង់ ដោយបានបាញ់ផ្លោងមកលើភូមិនៅតាមព្រំដែន ផ្ទះដែលជាប់ការឡោមព័ទ្ធ និងបានបំផ្លាញសង្កាត់លំនៅដ្ឋាន និងមានការបិទផ្លូវផងដែរ ។
ចំពោះការបំពានបែបនេះធ្វើឱ្យស្មុគស្មាញដល់ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលីបង់ ក្នុងការអនុវត្តបទប្បញ្ញត្តិនៃ ដំណោះស្រាយលេខ170 របស់អង្គការសហប្រជាជាតិ ដែលបានរារាំងការដាក់ពង្រាយកងទ័ព របស់ប្រទេសលីបង់នៅតំបន់ភាគខាងត្បូង និងនាំឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ក្នុងគោលបំណងសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
ប្រទេសលីបង់ បានបន្តបង្ហាញនូវភាពអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការជាទីបំផុត ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុង “នរកនៃសង្រ្គាម” ដោយជំរុញឱ្យ ក្រុមប្រឹក្សា UNSC ប្រកាន់ជំហររឹងមាំ និងច្បាស់លាស់ចំពោះការរំលោភបំពានរបស់អ៊ីស្រាអ៊ែល និងធ្វើការដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការគោរពកាតព្វកិច្ចរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា