ព័ត៌មានអន្តរជាតិ

ថ្នាំវ៉ាក់សាំង ការពារជំងឺ អាសន្នរោគ ជាង២លានកម្រិត ត្រូវបានផ្តល់ដល់ពលរដ្ឋ នៅក្នុងប្រទេសមីយ៉ាន់ម៉ា

The sun daily

រ៉ងហ្គូន ៖ កាលពីថ្ងៃអង្គារ មន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់តាំងពីខែកញ្ញានៅក្នុងឆ្នាំនេះ ថ្នាំវ៉ាក់សាំងការពារជំងឺអាសន្ន រោគដែលបញ្ចូលតាមមាត់ជាង២លានកម្រិត ត្រូវបានផ្តល់ដល់ពលរដ្ឋ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ក្រសួងខាងលើបានឲ្យដឹងថា បន្ទាប់ពីមានការឆ្លងរាតត្បាតជំងឺរាគរូស នៅក្នុងតំបន់រ៉ងហ្គូន នៅខែកក្កដានៅក្នុងឆ្នាំនេះ ក្រសួងសុខាភិបាល របស់ប្រទេសនេះបានរាយការណ៍ ពីស្ថានភាពនេះទៅអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) និងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ។

ការផ្តល់ថ្នាំវ៉ាក់សាំង បានចាប់ផ្តើមនៅក្នុងខែកញ្ញា ។ ក្រសួងបានបន្តឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សហការជាមួយអង្គការក្នុងមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ កំពុងតាមដានការកើតជំងឺ រាគរូសនៅតាមតំបន់ និងរដ្ឋទូទាំងប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top