ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្តេជ្ញារក្សាការគ្រប់គ្រង យោធាលើតំបន់ហ្គាហ្សា

VOA

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល នឹងនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា និងរក្សា “ការគ្រប់គ្រងសន្តិសុខ” លើទឹកដីប៉ាឡេស្ទីន ដោយបង្កើនការព្រួយបារម្ភថា កិច្ចចរចាបទឈប់បាញ់ចុងក្រោយ អាចប្រឈមនឹងការជាប់គាំងបន្ថែមទៀត។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ការពារមួយ នៅតាមបណ្តោយព្រំដែនហ្គាហ្សា-អេហ្ស៊ីប លោក Katz បានលើកឡើងថា “ការគ្រប់គ្រងសន្តិសុខនៅក្នុងតំបន់ហ្គាហ្សា នឹងនៅតែស្ថិតក្នុងដៃរបស់ កងកម្លាំងការពារអ៊ីស្រាអែល” ។

លោកបានលើកឡើងថា កងកម្លាំងអ៊ីស្រាអែលនឹងនៅតែស្ថិតក្នុង “តំបន់សន្តិសុខ តំបន់ការពារ និងទីតាំងគ្រប់គ្រង នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយពណ៌នាអំពីវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពនៃសហគមន៍អ៊ីស្រាអែល” ។

លោក Katz បានបន្ថែមថា “នឹងមិនមានរដ្ឋាភិបាលហាម៉ាស់ នៅទីនេះ ឬយោធាហាម៉ាស់ទេ ការពិតថ្មីនឹងលេចឡើងដោយសារ ការប្រយុទ្ធគ្នាដែលកំពុងបន្ត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីបានធ្វើឡើងភ្លាមៗ បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ និងក្រុមហាម៉ាស់ បានចោទប្រកាន់គ្នាទៅវិញទៅមកអំពី ការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយម្នាក់ៗអះអាងថា ភាគីម្ខាងទៀតបានណែនាំការទាមទារថ្មី។ 

ការទាមទារដ៏សំខាន់មួយដោយក្រុមហាម៉ាស់ គឺការដកអ៊ីស្រាអែលចេញពីតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមអាកាស យ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top